ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រគល់ម៉ូតូ ចំនួន ១០គ្រឿង ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងព័ត៌មាន

(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចុះបំពេញកិច្ចការងារឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញប្រគល់នូវម៉ូតូថ្មីប្រភេទ Honda Dream ចំនួន ១០គ្រឿង ជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានទាំង ៤ចំណុះឱ្យក្រសួងព័ត៌មាន ដើម្បីប្រើប្រាស់សម្រាប់បំពេញការងារប្រចាំថ្ងៃ និងជាការលើកទឹកចិត្តដល់មន្ត្រីរាជការ ក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់ម៉ូតូជូនមន្ត្រីរាជការ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្នុងការគាំទ្រ និងសម្រួលដល់ការបំពេញការងាររបស់មន្ត្រីឱ្យកាន់តែមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ស្របតាមតម្រូវការការងារជាក់ស្តែង។

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ បន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកលើកកម្ពស់វិស័យព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់មន្ត្រីដែលមានភារកិច្ចបំពេញការងារដោយប្រើប្រាស់មធ្យោបាយម៉ូតូស្លាកលេខរដ្ឋនេះធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ហើយត្រូវយល់ថា ការប្រើប្រាស់របស់រដ្ឋ គឺប្រើប្រាស់របស់ប្រជាជន ត្រូវគោរពអ្នកនៅជុំវិញ ហើយត្រូវថែរក្សាឱ្យបានល្អ ដើម្បីការប្រើប្រាស់ជាផលប្រយោជន៍រួមបានយូរអង្វែង និងថែរក្សាកេរ្តិ៍ឈ្មោះក្រសួងព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង