នគរបាលខេត្តស្វាយរៀង បន្តចុះបង្រ្កាបទីតាំងសង្ស័យ លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamនៅតំបន់សកលផ្លាហ្សា
ស្នងការដ្ឋានខេត្តស្វាយរៀង បន្តចុះពិនិត្យ និង បង្រ្កាបទីតំាងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scam ក្នុងមូលដ្ឋានក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រីជាជនបរទេសបានជាង ១០០នាក់។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅចំណុចតំបន់សកលផ្លាហ្សា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។


ក្នុងរង្វង់ប្រតិបត្តិការនេះឃាត់ខ្លួនមនុស្សប្រុស-ស្រី ១១១នាក់ ស្រី ១៤នាក់ (វៀតណាម ៥៩នាក់ ស្រី ១១នាក់, ចិន ៣៦នាក់ ស្រី ០២នាក់, ប៉ាគីស្ថាន ១៣នាក់ ប្រុស, ថៃ ០១នាក់ ស្រី, មីយ៉ាន់ម៉ា ០១នាក់ ប្រុស និងខ្មែរ ០១នាក់ ប្រុស)។ ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One , ទូរស័ព្ទដៃ , កំព្យូទ័រយួរដៃ , ម៉ាស៊ីនកំព្យូទ័រ CPU , ម៉ូនីទ័រ , រថយន្ត , ម៉ូតូ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសុីល បិទទីតាំងបណ្ដោះអាសន្ន៕

