លើក​ដំបូង​ អ៊ីរ៉ង់​ថា ខ្លួន​ទទួលសារ​​​​ពី​អាមេរិក​ ជុំវិញ​ការ​​​​ចរ​ចា​​​បើក​ច្រក​ Hormuz

រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi ​អះអាង​ពី​ការ​​ទទួល​សារ​ពី​សហរដ្ឋអាមេរិក​ ​ដែល​បង្ហាញ​​ឆន្ទៈ​ក្នុង​ការ​បន្ត​ការ​ចរចា​​ដោយ​​​បើក​ចំហ​ ចំពោះ​ការ​គាំទ្រ​​ណា​មួយ ​ជា​ពិសេស​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AFP ចុះ​ផ្សាយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ ។

លោក Araghchi ប្រាប់​អ្នកយកព័ត៌មាននៅ​ក្នុង​រដ្ឋ​ធានី​ឥណ្ឌាថា៖ « យើងបាន​ទទួលសារម្តង​ទៀតពី​អាមេរិក ដែល​បង្ហាញ​​ឆន្ទៈ​ក្នុងការបន្តការចរចានិងបន្តអន្តរកម្ម»។

រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi 

លោក Araghchi ថ្លែង​បែប​នេះ​មួយ​ថ្ងៃ​ បន្ទាប់ពីប្រធានាធិប​តី​អាមេរិក លោក ដូណាល់ ត្រាំ និយាយថា លោក ស៊ី ជីនពីង នឹង​​ផ្តល់ជំនួយផ្សេង​ៗ ដើម្បី​បើក​ច្រកសមុទ្រ Hormuz ឡើងវិញ ហើយ​មេដឹក​នាំចិន​ ក៏បានសន្យាថា​នឹងមិនបញ្ជូន​សម្ភារៈយោធា​ជួយ​អ៊ីរ៉ង់ក្នុងសង្គ្រាមប្រឆាំង​នឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​​នោះដែរ​។

​បន្ទាប់​ពី​លោក​បាន​ចូល​រួម​កិច្ច​ប្រជុំ​នៃ​ប្លុក​ប្រទេស BRICS នៅ​ទីក្រុងញូវដេលី លោក Araghchi លើក​ឡើង ថា៖ « យើង​​កោត​សរសើរប្រទេសណា​មួយ​ដែលមានសមត្ថភាព​ក្នុងការ​ជួយ​ [សម្រប​សម្រួល​] ជាពិសេសប្រទេសចិន។ យើងមាន​ទំនាក់​ទំនង​ល្អ​ណាស់​ជា​មួយ​ប្រទេស​ចិន យើងជាដៃគូយុទ្ធសាស្ត្រ​ទៅវិញទៅមក ហើយ​យើង​ដឹងថា (ចិន) មាន​បំណង​ល្អ ដូច្នេះ​អ្វីដែល​អាច​ធ្វើ​ទៅ​បាន​គឺជា​​ការ​ជួយដល់​ផ្នែក​ការទូត​នឹងត្រូវបានស្វាគមន៍​ដោយសាធារណរដ្ឋអ៊ី​រ៉ង់​»។

ដោយ​ឡែក ប្រទេសចិន​លើក​ឡើង​ថា ខ្លួន​បាន​ខិតខំប្រឹងប្រែង​ជួយ​បញ្ចប់​ជម្លោះ​ ចាប់តាំងពី​ការ​ចាប់ផ្តើម​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែលលើអ៊ីរ៉ង់​នៅថ្ងៃទី២៨ ខែកុម្ភៈ។

ក្រសួង​ការបរទេសចិន​ប្រាប់ AFP ថា៖ « គ្មានចំណុច​ណា​មួយ​ក្នុង​ការបន្តជម្លោះនេះ​ទេ ​វា​មិនគួរកើតឡើង​តាំងពីដំបូង។ ការស្វែងរកមធ្យោបាយ​ដំបូង​ ដើម្បីដោះស្រាយស្ថានការណ៍​គឺ​ស្ថិត​នៅក្នុងផលប្រយោជន៍​មិនត្រឹមតែសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ»។

គួរ​បញ្ជាក់​ថា ប៉ាគីស្ថាន​​គឺជា​អ្នកសម្របសម្រួល​ដ៏សំខាន់​​រហូត​មកដល់ពេលនេះ​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។

លោក Araghchi មានប្រសាសន៍ថា៖ « ដំណើរការ​សម្រប​សម្រួល​ដោយប៉ាគីស្ថាន​មិន​ទាន់បរាជ័យនៅឡើយ​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្នុងដំណើរដ៏លំបាកមួយ ភាគច្រើនដោយ​សារ​តែ​ឥរិយាបថរបស់​អាមេរិកនិងការ​មិនទុកចិត្តគ្នា​​ដែលមានរវាងយើង»៕

អត្ថបទដែលជាប់ទាក់ទង