សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត
(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការមិនត្រឹមអ្នកនាំចូលនោះទេ គឺសម្តេច នឹងចាត់វិធានការចំពោះមន្ត្រី ដែលបានគប់គិតជាមួយឈ្មួញដែលនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។
សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់បែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្តេចតេជោ ថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងតាមរកមុខរាល់ឈ្មួញដែលនាំទំនិញពីប្រទេសថៃ។ សម្តេចតេជោ បានចាត់ទុកវិធានការនេះ ជាការឆ្លើយតបនឹងវិធានការរបស់ថៃ ដែលបានធ្វើសកម្មភាពដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជា តាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។
សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃ បានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕

