បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធOnline Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន៥នាក់ និងដកហូតទូរសព្ទ១៥០គ្រឿង

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលលើទីតាំងស្នាក់នៅរបស់ជនបរទេសចំនួន ៣ទីតាំង ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយបានរកឃើញជនជាតិចិនមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានដកហូតសម្ភារបម្រើសកម្មភាពបទល្មើសជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងនៅ បុរីឡាសែនសុខ II ស្ថិតក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជាលទ្ធផល នៅពេលចុះត្រួតពិនិត្យផ្ទះលេខ៣៨ ផ្លូវលេខ៤A ក្នុងបុរីឡាសែនសុខ II សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ៥នាក់ ជាបុរសទាំងអស់ ក្នុងនោះមាន ២នាក់មិនមានលិខិតឆ្លងដែន។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារមួយចំនួន ដែលសង្ស័យថាប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៧គ្រឿង និងទូរសព្ទដៃចំនួន ១៥០គ្រឿង។

បន្ទាប់ពីការត្រួតពិនិត្យ និងវិភាគដោយមន្ត្រីជំនាញនៃផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសន្និដ្ឋានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញក្លែងក្លាយ។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនជាតិចិនចំនួន ៥នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធករណី Online Scams ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំណែកសម្ភារវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការស្រាវជ្រាវ និងស្វែងរកបណ្តាញពាក់ព័ន្ធផ្សេងទៀត។

សម្រាប់ទីតាំងផ្ទះដែលត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានសមត្ថកិច្ចសម្រេចបិទឃ្លុំជាបណ្តោះអាសន្ន ខណៈជនជាតិចិនម្នាក់ដែលមិនមានលិខិតឆ្លងដែន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង