អ៊ីរ៉ង់ ប្រកាសថា ខ្លួនវាយប្រហារគោលដៅយោធា ១៨ទីតាំងរបស់អាមេរិកនៅគុយវ៉ែតនិងបារ៉ែន
ខណៈពិភពលោក និងស្ថាប័នអន្តរជាតិ បានទទូចឱ្យភាគីជម្លោះទាំងអស់នៅមជ្ឈិមបូព៌ាបញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់ តែមកទល់ពេលនេះគ្មានភាគីណាមួយព្រមឈប់នោះទេ ថែមទាំងបង្កើនការវាយប្រហារសងសឹកគ្នាលាន់ឮពេញមជ្ឈិមបូព៌ាទៀតផង។
អ៊ីរ៉ង់ប្រកាសនៅថ្ងៃនេះថា គោលដៅយោធាសំខាន់ៗចំនួន១៨ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន ត្រូវបានវាយប្រហារហើយ ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើងយ៉ាងឆាប់រហ័ស។
យោងតាមសារព័ត៌មាន TRT World ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននិយាយថា គោលដៅទាំងនោះរួមមានមូលដ្ឋានទ័ព Ali Al Salem និង Ahmad Al Jaber ក្នុងប្រទេសគុយវ៉ែត រួមជាមួយនឹងមូលដ្ឋានទ័ព Sheikh Isa ក្នុងប្រទេសបារ៉ែន។

ដោយឡែក យោធាអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានកំណត់គោលដៅប្រព័ន្ធ Patriot និងកន្លែងទំនាក់ទំនងដែលជាកម្មសិទ្ធិរបស់កងនាវាទី៥ របស់សហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន។
យោធាបន្ថែមថា ដ្រូនអត្តឃាតត្រូវបានបាញ់ឆ្ពោះទៅកាន់កងនាវាទី៥ របស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក លើភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។
ការវិវឌ្ឍនេះកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើភាគខាងត្បូងអ៊ីរ៉ង់ និងការវាយប្រហារសងសឹកជាបន្តបន្ទាប់របស់អ៊ីរ៉ង់ ផ្តោតលើទ្រព្យសម្បត្តិយោធាអាមេរិកនៅទូទាំងតំបន់។
ការកើនឡើងចុងក្រោយបំផុតនេះកើតឡើង បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ហៅថាជាការឆ្លើយតបទៅនឹងការឈ្លានពានដែលមិនសមហេតុផល និងបន្តសងសឹករបស់អ៊ីរ៉ង់។
ភ្លាមៗបន្ទាប់ពីការប្រកាសនេះ ទីភ្នាក់ងារសារព័ត៌មាន Mehr គ្រប់គ្រងដោយរដ្ឋ រាយការណ៍ពីការផ្ទុះថ្មីៗ នៅក្នុងទីក្រុង Bandar Abbas និង Sirik ក៏ដូចជាការផ្ទុះមួយផ្សេងទៀត នៅជិតតំបន់ Minab ក្នុងខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់៕
