លោក ណេតាន់យ៉ាហ៊ូ ជំរុញឲ្យប្រជាជនលីបង់ រួមដៃជាមួយ អ៊ីស្រាអែល កម្ចាត់ក្រុមហេសបូឡា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃពុធ ទី១០ ខែមិថុនា បានអំពាវនាវឲ្យប្រជាជនលីបង់ រួមដៃគ្នាជាមួយអ៊ីស្រាអែល ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា ដោយលោក បានលើកឡើងថា ប្រទេសរបស់ពួកគេកំពុងត្រូវបានក្រុមសកម្មប្រយុទ្ធមួយនេះចាប់ធ្វើជា «ចំណាប់ខ្មាំង»។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន timesofisrael លោក ណេតាន់យ៉ាហ៊ូ បានថ្លែងសារនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ ដែលថ្លែងសំដៅទៅកាន់ប្រជាជនលីបង់ដោយផ្ទាល់ថា «អ៊ីស្រាអែលមិនមែនកំពុងធ្វើសង្គ្រាមជាមួយអ្នកឡើយ។ យើងកំពុងធ្វើសង្គ្រាមជាមួយក្រុមហេសបូឡា ដែលបានចាប់ប្រទេសរបស់អ្នកធ្វើជាចំណាប់ខ្មាំង។ យើងប្រាថ្នាចង់បានសន្តិភាពជាមួយអ្នក និងជាមួយប្រទេសលីបង់»។
លោក បានបន្ថែមទៀតថា «អ៊ីស្រាអែលចង់បានសន្តិភាពជាមួយអ្នក។ ចូលក្តោបក្តាប់អនាគតរបស់អ្នក។ ចូលរួមជាមួយអ៊ីស្រាអែល។ ចូលរួមកសាងសុវត្ថិភាព និងភាពរុងរឿងសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា ហើយនៅពេលដែលក្រុមហេសបូឡាត្រូវបានរំសាយទាំងស្រុង នោះឱកាសជាច្រើននឹងកើតមានឡើងយ៉ាងឥតដែនកំណត់»។
សេចក្តីថ្លែងការណ៍នេះ ក៏បានកត់សម្គាល់នូវការអំពាវនាវជាលើកទីពីរ ដោយមេដឹកនាំអ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតី លោក អ៊ីសាក់ ហឺហ្សុក (Isaac Herzog) បានផ្ញើសារជាភាសាអារ៉ាប់ ទៅកាន់ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) ដោយប្រាប់សមភាគីរបស់លោកថា លោកសង្ឃឹមថានឹងមាន «សន្តិភាព» រវាងប្រទេសទាំងពីរ ប៉ុន្តែបានសង្កត់ធ្ងន់ថា លទ្ធផលបែបនេះគឺពឹងផ្អែកលើទីក្រុងបេរូត ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់ និងក្រុមហេសបូឡា ដែលជាតំណាងរបស់ខ្លួន។
មិនតែប៉ុណ្ណោះ សារនេះបានលេចឡើងចំពេលដែលអ៊ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ ដែលប្រភពសន្តិសុខលីបង់បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ពេញមួយថ្ងៃនោះ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក៏បាននិយាយថា ការវាយប្រហារនេះបានកំណត់គោលដៅលើសកម្មប្រយុទ្ធហេសបូឡា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករនេះ រួមទាំងកន្លែងលាក់ទុកអាវុធផងដែរ៕
