ចុះពិនិត្យឃ្លាំងស្តុកសាច់បង្កក ១ កន្លែង នៅខណ្ឌឫស្សីកែវ រកមិនឃើញទំនិញនាំចូលពីថៃឡើយ ខណៈម្ចាស់ទីតាំងសន្យាមិនទទួលរក្សាទុកដាច់ខាត
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងទទួលរក្សាទុក និង បង្កកទំនិញនាំចូលពីក្រៅប្រទេស ១ កន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីពិនិត្យ និង ផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងការរក្សាទុកទំនិញបង្កកនាំចូលពីប្រទេសថៃ។



ក្នុងឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានថ្លែងអំណរគុណចំពោះម្ចាស់ទីតាំងឃ្លាំង ដែលបានផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរជាមួយកម្លាំងចម្រុះក្នុងការចុះពិនិត្យ និង សម្របសម្រួលការងារនានា។



ជាលទ្ធផល នៃការចុះពិនិត្យ កម្លាំងចម្រុះ មិនបានរកឃើញករណីរក្សាទុកទំនិញបង្កកដែលនាំចូលមកពីប្រទេសថៃនៅក្នុងទីតាំងឃ្លាំងខាងលើនោះទេ។ ការពិនិត្យនេះបានប្រព្រឹត្តទៅដោយតម្លាភាព និង មានកិច្ចសហការយ៉ាងជិតស្និទ្ធពីម្ចាស់ទីតាំង។



ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានកោតសរសើរ និង ថ្លែងអំណរគុណចំពោះម្ចាស់ទីតាំង ដែលបានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។ ទន្ទឹមនឹងនេះ ម្ចាស់ទីតាំង ក៏បានបញ្ជាក់ និង សន្យាថា នឹងមិនទទួលយកទំនិញបង្កកដែលនាំចូលមកពីប្រទេសថៃមករក្សាទុក ឬ បង្កកក្នុងឃ្លាំងនេះឡើយ៕
