អ៊ីរ៉ង់ បញ្ជាក់ថា បទឈប់បាញ់ជាមួយអាមេរិកកន្លងទៅ «លែងមានន័យ» ក្រោយការផ្ទុះអាវុធចុងក្រោយ
ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា ការវាយប្រហារនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យបទឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា ក្លាយជា «គ្មានន័យអ្វីទាំងអស់» ក្នុងការអនុវត្តជាក់ស្តែង ព្រមទាំងបានព្រមាន ថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកដ៏គ្រោះថ្នាក់បំផុតដែលកើតចេញពីទង្វើញុះញង់ឲ្យមានសង្គ្រាមនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានពាក្យពេចន៍ធ្ងន់ៗកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសចំពោះអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិកមកលើទឹកដីអ៊ីរ៉ង់ ដោយបានហៅទង្វើនោះថា ជា «ការរំលោភបំពានយ៉ាងចំហ» លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RTR។
លើសពីនេះទៅទៀត ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានចោទប្រកាន់អាមេរិកថាបានប្រើប្រាស់សម្ភារបរិក្ខារ និងទឹកដីនៅក្នុងបណ្តាប្រទេសក្នុងតំបន់ដើម្បីរៀបចំ និងអនុវត្តប្រតិបត្តិការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់។ ជាក់ស្ដែង សកម្មភាពបែបនេះធ្វើឲ្យប្រទេសទាំងនោះក្លាយជា «ដៃគូក្នុងការឈ្លានពាន» និងបានជម្រុញឲ្យពួកគេកុំបើកដៃឲ្យអ្នកដទៃប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់សកម្មភាពអរិភាពឡើយ។
ក្រសួងបានអំពាវនាវដល់រដ្ឋសមាជិកអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ឲ្យថ្កោលទោសជាចំហចំពោះអ្វីដែលខ្លួនបានពិពណ៌នាថាជាការរំលោភបំពានដោយអាមេរិក និងអ៊ីស្រាអែល ខណៈពេលដែលបានជម្រុញឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បង្ហាញការរៀបរាប់ឲ្យបានច្បាស់លាស់អំពីស្ថានការណ៍នេះ។
ដោយឡែក អ្នកនាំពាក្យយោធា លោក Abolfazl Shekarchi បានច្រានចោលរបាយការណ៍របស់អាមេរិកថា ប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ ប៉ុន្តែតាមពិតទៅ សមត្ថភាពរបស់អ៊ីរ៉ង់នៅតែរក្សាបានដដែល និងមានភាពខ្លាំងក្លាផ្នែកយោធា ជាងកាលពីពេលចាប់ផ្តើមជម្លោះទៅទៀត។
លោកក៏បាននិយាយផងដែរថា អ៊ីរ៉ង់បានបង្កការខាតបង់ដល់កងកម្លាំងអាមេរិកច្រើនជាងអ្វីដែលខ្លួនបានរងគ្រោះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះក្រុមសម្ព័ន្ធមិត្តក្នុងតំបន់ ដែលទីក្រុងតេហេរ៉ង់បានពិពណ៌នាថា ជាផ្នែកមួយនៃសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងសត្រូវរួមមួយ។ ជាពិសេសអ៊ីរ៉ង់នៅតែរក្សាជម្រើសយុទ្ធសាស្ត្រជាច្រើន រួមទាំងការគ្រប់គ្រងលើច្រកសមុទ្រសំខាន់ៗសម្រាប់ការដឹកជញ្ជូនតាមសមុទ្រ ទោះបីជាលោកបានបញ្ជាក់ថា ការសម្រេចចិត្តទាំងនោះនឹងត្រូវលាតត្រដាងលុះត្រាតែមានភាពចាំបាច់ក៏ដោយ៕
