នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនមេខ្យល់ម្នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបាននាំពលករជាច្រើននាក់ឆ្លងដែនទៅកាន់ប្រទេសថៃ តាមច្រករបៀងនៅពេលថ្មីៗកន្លងទៅនេះ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការសហការគ្នារវាងលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន និងលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រិត ផលរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយការបើកកិច្ចប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយឃើញករណីមេខ្យល់នាំពលករចំនួន ៨នាក់ ឆ្លងដែនដោយខុសច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពនាំពលករឆ្លងដែនដោយខុសច្បាប់ប្រាកដមែន ដោយធ្វើសកម្មភាពនៅចំណុចភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន (ដែលជាចំណុចដាច់ស្រយាល ឆ្ងាយពីគោលដៅយាមល្បាតរបស់សមត្ថកិច្ច)។ ដោយឡែក បក្ខពួកម្នាក់ទៀតដែលបានចូលរួមធ្វើសកម្មភាពដែរនោះ បាននិងកំពុងរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានកំណត់អត្តសញ្ញាណច្បាស់លាស់រួចរាល់ហើយ និងកំពុងបន្តស្វែងរកចាប់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

