សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជឿជាក់ថាមិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាភ្ញាក់ផ្អើលពេលឃើញផ្ទាល់ភ្នែកពីមុខមាត់ថ្មី និងស្ថានភាពពិតរបស់កម្ពុជា គឺខុសគ្នាខ្លាំងទៅនឹងការលឺ និងអានតាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន
(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យើងមានកិត្តិយសបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា, ពីស្ថានភាពពិតរបស់កម្ពុជា ដែលសម្ដេចជឿជាក់ថា មិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថា កម្ពុជាដែលមិត្តរបស់យើងបានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តរបស់យើងធ្លាប់បានលឺ និងធ្លាប់បានអានតាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន។
ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា អញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «នៅលើទឹកដិដ៏ពិសិដ្ឋនៃសៀមរាប-អង្គរ យើងមានកិត្តិយស បង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា ពីស្ថានភាពពិតរបស់កម្ពុជា ដែលខ្ញុំជឿថាមិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថាកម្ពុជាដែលមិត្តរបស់យើងបានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តរបស់យើងធ្លាប់បានលឺ និងធ្លាប់បានអានតាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន»។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការអញ្ជើញមកដល់ទស្សនាដោយផ្ទាល់នៅកម្ពុជា មិត្តបរទេសអាចជ្រួតជ្រាប ពីសុខសន្តិភាព ស្ថិរភាព សុខសុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្តល់ភាពកក់ក្តៅ និងមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិ ដ៏អធិកអធ័មបែបនេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចក៏បានជួបជាមួយសមជិកមួយចំនួននៃគណៈប្រតិភូរបស់សហគមន៍ OB-PS នៅ Pub Street ត្រង់ចំណុចនេះសម្តេចគិតថា សមាជិកដែលអញ្ជើញដើរទស្សនានេះ បានឃើញទិដ្ឋភាពពេលយប់នៅកម្ពុជា ដោយផ្ទាល់ភ្នែក ដែលជាទឹកដីដ៏ពិសិដ្ឋនៃសៀមរាប-អង្គរ។
«យើងមានកិត្តិយស បង្ហាញពីមុខមាត់ទំនើបរបស់កម្ពុជា មានវត្តមាននៅទីនេះ អ្នកទាំងអស់គ្នាអាចឃើញពីវឌ្ឍនភាព និងសន្តិភាព ហើយសន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាពទេ យើងក៏មិនអាចនិយាយពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្ត្រី ឬក៏អនាគតរបស់យុវជនបានឡើយ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារតែកត្តាសន្តិភាពនេះហើយ ទើបកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើតឱកាសការងារ ឱកាសសិក្សា លើកកម្ពស់សុខុមាលភាពសង្គម និងបើកទ្វារទទួលមិត្តអន្តរជាតិ មកចែករំលែកចំណេះដឹង បទពិសោធន៍ និងមិត្តភាពជាមួយប្រជាជនកម្ពុជា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការរៀបចំសន្និសីទពិភពលោក WAGGGS និងកិច្ចប្រជុំ OB-PS នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់មិត្តអន្តរជាតិ ចំពោះកម្ពុជាហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ក្នុងការចូលរួមជាមួយចលនាសកល ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ, សេវាសង្គម, ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារី។
ទន្ទឹមនឹងនេះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រធានបទនៃសន្និសីទនេះ គឺ «We See, We Care, We Act» ដែលយើងអាចយល់ជា ភាសាខ្មែរថា «យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព»។ ប្រធានបទនេះ ខ្លីប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅ ដូចអ្វីដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឬទ្ធិនារីកម្ពុជា បានពន្យល់រួចមកហើយ៕
