នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាឱ្យបង្កើនប្រតិបត្តិការយោធានៅ West Bank ក្រោយជនជាតិប៉ាឡេស្ទីន បើករថយន្តបុកស្លាប់ជនជាតិអ៊ីស្រាអែលម្នាក់
កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យបង្កើនប្រតិបត្តិការយោធា នៅទូទាំងតំបន់ West Bank ដ៏ចម្រូងចម្រាស់ ស្ថិតក្រោមការកាន់កាប់ (របស់អ៊ីស្រាអែល) បន្ទាប់ពីមានការវាយប្រហារមួយ ដោយសម្លាប់ជនជាតិអ៊ីស្រាអែលម្នាក់ នៅជិតតំបន់តាំងទីលំនៅខុសច្បាប់ភាគពាយព្យនៃទីក្រុង Ramallah ។

ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សាយឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានអះអាងថា ខ្លួនបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់ ដែលត្រូវសង្ស័យបើកបររថយន្តបុកមនុស្សរហូតដល់ស្លាប់ នៅជិតតំបន់តាំងទីលំនៅខុសច្បាប់ Neve Tzuf ឬ Halamish ។
លោក ណេតាន់យ៉ាហ៊ូ ថ្លែងថា កងកម្លាំងរបស់អ៊ីស្រាអែលនឹងតាមប្រមាញ់ជនទាំងឡាយណាដែលពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងនឹងប្រជាជនអ៊ីស្រាអែល។
លោកបន្ថែមថា៖ « យើងនឹងតម្រូវឱ្យពួកគេទាំងអស់ទទួលខុសត្រូវ ទាំងនៅតំបន់ហ្គាហ្សា លីបង់ តំបន់យូដា(Judea) និងសាម៉ារី (Samaria)។
លោក ណេតាន់យ៉ាហ៊ូ បន្តថា ខ្លួនបានណែនាំកងទ័ព និងទីភ្នាក់ងារសន្តិសុខក្នុងស្រុក Shin Bet ដាក់ពង្រាយកងកម្លាំងបន្ថែម នៅទូទាំងតំបន់ West Bank ដោយអនុវត្តការបិទខ្ទប់តំបន់ និងធ្វើប្រតិបត្តិការវាយលុក ព្រមទាំងការចាប់ខ្លួនជនសង្ស័យផងដែរ។
លោកក៏បានបញ្ជាឱ្យអាជ្ញាធរចាត់វិធានការភ្លាមៗ ដើម្បីវាយកម្ទេចផ្ទះរបស់ជនជាតិប៉ាឡេស្ទីនម្នាក់ សង្ស័យថាជាអ្នកបាញ់ប្រហារលើជនជាតិអ៊ីស្រាអែល។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល និងកងកម្លាំងកាន់កាប់ទឹកដីបានបង្កើនការវាយប្រហារប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន និងទ្រព្យសម្បត្តិរបស់ពួកគេនៅតំបន់ West Bank ចាប់តាំងពីមានសង្គ្រាមនៅតំបន់ហ្គាហ្សាកាលពីខែតុលា ឆ្នាំ២០២៣ មក រួមទាំងការសម្លាប់ ការចាប់ខ្លួនជនជាតិប៉ាឡេស្ទីន ការវាយកម្ទេចផ្ទះសម្បែង និងការពង្រីកការតាំងទីលំនៅខុសច្បាប់៕

