រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ គេហទំព័រ​មិន​អាច​ក្លាយជា​ប្រភព​ព័ត៌​មាន​ដែល​មាន​ប្រយោជន៍​បាន​ទេ ប្រសិនបើ​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ​មិន​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​មិន​អាច​ក្លាយជា​ប្រភព​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​បាន​ទេ ប្រសិនបើ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​មិន​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។ ថ្លែង​ក្នុង​ពិធី​សម្ភាសន៍​ដាក់​ដំណើរការ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​គេហទំព័រ​រួម​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ទាំង​២៥» នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម​នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ផ្តាំផ្ញើ និង​ដាក់​ចេញ​នូវ​ភារកិច្ច​សំខាន់​ៗ​ជូន​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ជា​ប្រចាំ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា «​គេហទំព័រ​មិន​អាច​ក្លាយជា​ប្រភព​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​បាន​ទេ ប្រសិនបើ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​មិន​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ។ ដូច្នេះ ត្រូវ​ធានា​ថា ព័ត៌មាន​អំពី​សកម្មភាព​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច សេវា​សាធារណៈ និង​សកម្មភាព​សំខាន់​ៗ​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទាន់​ពេលវេលា ត្រឹមត្រូវ និង​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ស្វែងរក​»​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​៖ «​ត្រូវ​ពង្រឹងគុណភាព និង​ក្រមសីលធម៌​វិជ្ជា ជីវៈ ។ យើង​ត្រូវ​ផលិត​មាតិកា​ឌី​ជី​ថ​ល​ដែល​មាន​ភាព​ទាក់ទាញ ងាយ​អាន ងាយ​យល់ ងាយ​ចែករំលែក និង​សម​ស្រប​ទៅ​នឹង​របៀប​ប្រើប្រាស់​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​សម័យ​ឌី​ជី​ថ​ល​។ ប៉ុន្តែ ភាព​ទាក់ទាញ​មិន​ត្រូវ​មក​ជំនួស​ភាព​ត្រឹមត្រូវ​នោះ​ទេ ។ យើង​ត្រូវ​ចង​ចាំ​ជា​និច្ច​ថា ព័ត៌មាន​ដែល​លឿន ប៉ុន្តែ​មិន​ត្រឹមត្រូវ គឺ​មិន​អាច​បង្កើត​ទំនុក​ចិត្តបាន​ឡើយ ។ ហេតុនេះ ការ​ផលិត​មាតិកា​ឌី​ជី​ថ​ល​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ការ​ផ្ទៀងផ្ទាត់​ប្រភព និង​ការ​ទទួលខុសត្រូវ​ចំពោះ​សាធារណជន​»​។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ត្រូវ​ការពារ​សុចរិត​ភាព និង​ភាព​ជឿជាក់​នៃ​ព័ត៌មាន ។ ក្នុង​បរិយាកាស​ព័ត៌មាន​ដែល​មានការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស យើង​ត្រូវ​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត ព័ត៌មាន​ច្បាស់លាស់ និង​ព័ត៌មាន​ដែល​អាច​ផ្ទៀងផ្ទាត់​បាន ។ ថ្នាល​ផ្លូវការ​ទាំង​២៥ ត្រូវ​ក្លាយជា​ប្រភព​សម្រាប់​សាធារណជន​ក្នុង​ការ​ស្វែងរក​ការ​ពិត និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ពួក​គេ​បានឃើញ​នៅ​លើ​ថ្នាល​ផ្សេង​ៗ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា «​យើង​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​ថា នៅ​ពេល​ពួក​គាត់​ចង់​ស្វែងរក​ព័ត៌មាន​ផ្លូវការ ពួក​គាត់​មាន​ប្រភព​ដែល​អាច​ពឹងផ្អែក​បាន ។ នេះ​ជា​ការ​កសាង​ទំនុកចិត្ត​របស់​សាធារណជន​ចំពោះ​ប្រព័ន្ធ​ព័ត៌មាន​របស់​រដ្ឋ​» ។ ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​បន្ថែម​ថា ការ​សម្ពោធ​គេហទំព័រ​ទាំង​២៥​នៅ​ថ្ងៃនេះ មិនមែន​ជា​ចំណុច​បញ្ចប់​ទេ ។ វា​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ថ្មី​មួយ ។

ក្រសួង​ព័ត៌មាន​នឹង​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​ព័ត៌មាន​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​លើ​ជំនាញ​សារព័ត៌មាន​ឌី​ជី​ថ​ល​ការ​ផលិត​មាតិកា​ពហុ​ប្រព័ន្ធ​ការ​គ្រប់គ្រង​ថ្នាល​ឌី​ជី​ថ​ល និង​ជំនាញ​ថ្មី​ៗ​ដែល​ចាំបាច់​សម្រាប់​សម័យ​បច្ចេកវិទ្យា ។ យើង​ក៏​នឹង​បន្ត​សិក្សា និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ឱ្យ​ស្រប​តាម​តម្រូវការ​ការងារ និង​មានការ​ទទួលខុសត្រូវ ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ផលិត និង​គ្រប់គ្រង​មាតិកា ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​យើង​នឹង​បន្ត​ពង្រឹង​កា​រត​ភ្ជាប់​រវាង​គេហទំព័រ​ទាំង​២៥ ទៅ​កាន់​កម្មវិធី​ទូរស័ព្ទ MoINFO App ដើម្បី​បង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ ដែល​កាន់តែ​ទំនើប សកម្ម ស៊ីសង្វាក់​គ្នា និង​អាច​ឆ្លើយ​តប​បាន​លឿន​ជាង​មុន​។ យើង​ចង់ឱ្យ​ប្រព័ន្ធ​ព័ត៌មាន​របស់​យើង មិន​ត្រឹមតែ «​មាន​វត្ត​មាននៅ​លើ​អ៊ីនធឺណិត​» ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​«​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​»៕

 

អត្ថបទដែលជាប់ទាក់ទង