ទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS

ទីបំផុត ប្រទេសថៃ ព្រមទៅអង្គការសហប្រជាជាតិ (UN) ហើយ ដើម្បីតតាំងជាមួយកម្ពុជា ដោះស្រាយបញ្ហាដែនសមុទ្រ ដោយទីក្រុងបាងកក បានសម្រេចតែងតាំងអ្នកជំនាញ ២រូប។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានតែងតាំងអ្នកច្បាប់ជនជាតិអាល្លឺម៉ង់ ឈ្មោះ Rüdiger Wolfrum និងអ្នកជំនាញច្បាប់សមុទ្រ ជនជាតិអាហ្វ្រិកខាងត្បូង Albert Hoffman ដើម្បីធ្វេីជាគណៈកម្មការ​ផ្សះផ្សាដោយបង្ខំ​ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ​ (UNCLOS)។

ប្រភពដដែលអះអាងថា ក្នុងការតតាំងគ្នានៅ UN, ភាគីថៃ នឹងត្រូវដឹកនាំផ្ទាល់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស Sihasak Phuangketkeow ក្នុងនាមជាប្រធានគណៈប្រតិភូ ខណៈអនុប្រធានគឺ Songchai Chaipattiyuth ដែលជាឯកអគ្គរាជទូត ប្រចាំប្រទេសគុយវែត។

សូមជម្រាបជាថ្មី, ជាការឆ្លើយតបទៅការបញ្ចប់ ឬលុបអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ដោយប្រទេសថៃ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៃប្រទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ថា កម្ពុជា គ្មានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិត ជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (Compulsory Conciliation) ដែលបានសម្រេចនៅឆ្នាំ១៩៨២ នោះទេ។

ប្រមុខការទូតកម្ពុជា ចាត់ទុកទង្វើរបស់ថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឲ្យប្រទេសទាំងពីរ កំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយបញ្ហា ការទាមទារតំបន់ត្រួតស៊ីគ្នា និងបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយ ដែលយន្តការផ្សះផ្សាដោយបង្ខំ នឹងត្រូវយកមកប្រើប្រាស់ ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្រ។

ក្នុងប្រវត្តិសាស្រ្ត, ទីម័រខាងកើត និងអូស្ត្រាលី បានក្លាយជាប្រទេសដំបូងគេ ដែលប្រើប្រាស់យន្តការនេះ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ ហើយទទួលបានលទ្ធផល យ៉ាងគាប់ប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង