សម្ព័ន្ធមិត្ត G7 ព្រមព្រៀងគ្នា ជួយអាវុធធុនធ្ងន់ទៅអ៊ុយក្រែន និងបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី
ក្រុមមេដឹកនាំនៃប្រទេសអ្នកមានទាំង ៧ ឬក្រុម G7 រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងនោះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសន្យាថានឹងបង្កើនការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ព្រមទាំងរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយថ្ងៃពុធ ទី១៧ ខែមិថុនា នេះ ក្រុមមេដឹកនាំ G7 បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនៅតែឈរឈ្មោះយ៉ាងរឹងមាំ និងរួបរួមគ្នាតែមួយ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងការការពារសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
ក្រុមមេដឹកនាំ G7 បានប្តេជ្ញាចិត្តថានឹងបង្កើនសម្ពាធសេដ្ឋកិច្ចលើសង្គ្រាមរបស់រុស្ស៊ី និងពង្រឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំង ជាពិសេសទៅលើវិស័យប្រេង និងឧស្ម័ន ដែលជាប្រភពចំណូលចម្បងរបស់ទីក្រុងមូស្គូ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅក្នុងសេចក្តីថ្លែងការណ៍នេះ មានការលើកឡើងចំឈ្មោះលោក ដូណាល់ ត្រាំ រហូតដល់ទៅបីដង ដោយបានបញ្ជាក់ថា បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះជាមួយគ្នា វាកាន់តែងាយស្រួលសម្រាប់ពិភពលោក ក្នុងការចាត់វិធានការសេដ្ឋកិច្ចធ្ងន់ៗប្រឆាំងនឹងរុស្ស៊ី។ ក្រុមមេដឹកនាំ បានយល់ឃើញថា នេះគឺជាឱកាសដ៏ល្អបំផុតក្នុងការដើរទៅមុខ ព្រោះលោកប្រធានាធិបតី ត្រាំ បានជួយធ្វើឱ្យច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ អាចបើកដំណើរការឡើងវិញបានដោយជោគជ័យ។
នៅក្នុងជំនួបកំពូលរយៈពេលបីថ្ងៃនៅទីក្រុង Evian-les-Bains ប្រទេសបារាំង ក្រុមមេដឹកនាំ ក៏បានព្រមព្រៀងគ្នាបញ្ជូនអាវុធទំនើបៗបន្ថែមទៀតទៅឱ្យអ៊ុយក្រែន រួមមាន ប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីល និងអាវុធដែលអាចបាញ់បានចម្ងាយឆ្ងាយ។ លើសពីនេះ ពួកគេក៏កំពុងពិចារណាផ្តល់អាជ្ញាប័ណ្ណពិសេសដល់អ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ អាចបង្កើនការផលិតអាវុធដោយខ្លួនឯងបានផងដែរ។ ការសម្រេចចិត្តរួមគ្នានេះ បានបង្ហាញពីការយល់ស្របគ្នាយ៉ាងនឹកស្មានមិនដល់រវាងលោក ត្រាំ និងមេដឹកនាំ G7 ផ្សេងទៀត បន្ទាប់ពីលោក ត្រាំ បានបង្ហើបកាលពីថ្ងៃអង្គារថា លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ីឡើងវិញ ដែលកាលពីមុនវ៉ាស៊ីនតោនធ្លាប់បានផ្អាកជាបណ្ដោះអាសន្ន។ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បាននិយាយថា ជំនួប G7 លើកនេះ គឺជាការក្រើនរលឹកផ្នែកយុទ្ធសាស្ត្រដ៏សំខាន់ ហើយរាល់ការសម្រេចចិត្តទាំងអស់ គឺមានការគាំទ្រពីសមាជិកទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ក្រៅពីបញ្ហារុស្ស៊ី និងអ៊ុយក្រែន សេចក្ដីថ្លែងការណ៍រួមនេះ ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងគាំទ្រដល់បេសកកម្មអន្តរជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ក្នុងការការពារកប៉ាល់ដឹកទំនិញ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមច្រកសមុទ្រហ័រមូស។ ទន្ទឹមនោះ ក្រុមមេដឹកនាំ ក៏បានអំពាវនាវឱ្យមានការស្វែងរកផ្លូវផ្គត់ផ្គង់ថាមពលថ្មីផ្សេងទៀត ដោយបានលើកឡើងពីសក្តានុពលរបស់ប្រទេសកាណាដា ដែលអាចនឹងផ្គត់ផ្គង់ថាមពលបន្ថែមយ៉ាងច្រើនដល់ទីផ្សារពិភពលោកនៅក្នុងឆ្នាំខាងមុខ។ សេចក្តីថ្លែងការណ៍នេះ ក៏បានរំលេចពីបញ្ហាប្រទេសចិនផងដែរ ដោយបានបង្ហាញជំហរប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងឯកតោភាគីណាមួយក្នុងការផ្លាស់ប្តូរស្ថានភាពដើម ដោយប្រើកម្លាំងបាយ ឬការគំរាមកំហែងនៅក្នុងសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
ក្រៅពីបញ្ហានយោបាយ និងសង្គ្រាមដ៏ក្តៅគគុកទាំងនេះ មេដឹកនាំដែលកំពុងជួបជុំគ្នានៅក្នុងប្រទេសបារាំង ក៏បានព្រមព្រៀងគ្នាលើបញ្ហាសំខាន់ៗផ្សេងទៀតសម្រាប់ពិភពលោកផងដែរ។ ពួកគេបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូសកល ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ការសម្របសម្រួលក្នុងការឆ្លើយតបនឹងជំងឺអ៊េបូឡា (Ebola) ការបង្ក្រាបការជួញដូរគ្រឿងញៀន និងការទប់ស្កាត់ការរត់ពន្ធជនអន្តោប្រវេសន៍ខុសច្បាប់។ បន្ថែមលើនេះ ពួកគេក៏គ្រោងនឹងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីការគ្រប់គ្រងរ៉ែសំខាន់ៗ និងការការពារកុមារនៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ៕