សម្តេចតេជោ ហ៊ុន សែន៖ សមាជិកអង្គការហ្វ្រង់កូហ្វូនី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យតួនាទីអង្គការនេះកាន់តែមានសក្តានុពល
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យសមាជិកអង្គការហ្វ្រង់កូហ្វូនី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីឱ្យអង្គការប្រទេសនិយាយភាសាបារាំងនេះកាន់តែមានសក្តានុពល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ដាសៀន ជូលៀន (Dacian Julien Cioloş) ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយលោកទីប្រឹក្សាពិសេស និងប្រតិភូក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកទីប្រឹក្សាពិសេស និងប្រតិភូ នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែមហើយក៏ញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរ។
លោកទីប្រឹក្សាពិសេស បានអរគុណសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានជួបសម្ដែងការគួរសម។ លោកទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី ក៏បាននាំសារសួរសុខទុក្ខ របស់ប្រធានាធិបតីរ៉ូម៉ានី ថ្វាយព្រះមហាក្សត្រខ្មែរ និងនាំសារសួរសុខទុក្ខរបស់លោកប្រធាធិបតី ជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
លោកទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី បានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀត។
ក្នុងឋានៈជាបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី លោកទីប្រឹក្សាពិសេស បានជជែកចែករំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការពង្រីក និងពង្រឹងពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀតក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកទីប្រឹក្សាពិសេស ក៏បានអបអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនីនៅខែវិច្ឆិកាខាងមុខ។ បេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីរូបនេះ ចាត់ទុកភាពជាម្ចាស់ផ្ទះ ជាឱកាសល្អសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងក្របខណ្ឌអង្គការហ្វ្រង់កូហ្វូនី។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណជាអនេកចំពោះសារសួរសុខទុក្ខរបស់ប្រធានាធិបតីរ៉ូម៉ានី ថ្វាយព្រះមហាក្សត្រខ្មែរ ក៏ដូចជាសួរសុខទុក្ខសម្ដេចតេជោ។ សម្តេចតេជោ ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានាធិបតីរ៉ូម៉ានីវិញដែរ។
កុ្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកអំពីស្ថានការណ៍អន្តរជាតិ ពាក់ព័ន្ធនយោបាយពហុភាគីនិយម ជាពិសេសក្នុងក្របខណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី។ ក្នុងនាមជាអង្គការមានសមាជិកច្រើន ដែលសមាជិកពេញសិទ្ធិពេលបច្ចុប្បន្នមានរហូតដល់៥៣ប្រទេសនោះ ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោប្រមុខរដ្ឋស្តីទី ក៏បានចែករំលែកទស្សនៈទាក់ទងនឹងការពង្រីកក្នុងក្របខណ្ឌអង្គការប្រង្កូនីតាមរយៈការប្រាស្រ័យ ឬកិច្ចសហបការសេដ្ឋកិច្ចជាមួយគ្នា ដែលប្រទេសជាសមាជិកគួរតែពង្រឹងបន្ថែមក្នុងការធ្វើនូវកិច្ចសហការសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យក្លាយជាថាមពលគាំទ្រដល់ទំនាក់ទំនងនយោបាយរវាងប្រទេសដែលជាសមាជិក។
បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកថា អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាបង្កើនកិច្ចគាំទ្រសគ្នាលើឆាកអន្តរជាតិរវាងមាជិករបស់ខ្លួន។
លោក ដាសៀន ក៏បានជម្រាបសម្តេចតេជោថា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនីនាខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតីរ៉ូម៉ានី និងធុរជនជាច្រើនរូបទៀត នឹងអញ្ជើញមកកាន់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន រង់ចាំស្វាគមន៍ដោយភាពកក់ក្តៅ ចំពោះដំណើររបស់លោកប្រធាធិបតីរ៉ូម៉ានី និងធុរជន៕
