អ៊ីស្រាអែល-ហេសបូឡា ឯកភាពលើបទឈប់បាញ់ថ្មី ក្រោយ លីបង់ រងការវាយប្រហារ យ៉ាងសាហាវព្រៃផ្សៃ
កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសអ៊ីស្រាអែល និងក្រុមហេសបូឡា លីបង់ បានព្រមព្រៀងគ្នា លើបទឈប់បាញ់ថ្មីមួយ ទៀតហើយ។

តាមការផ្សាយរបស់ BBC, បទឈប់បាញ់នេះ លេចចេញជារូបរាងបាន ដោយសារតែការសម្របសម្រួល ពីសំណាក់សហរដ្ឋអាមេរិក និងកាតា ហើយមានជំនួយពីអ៊ីរ៉ង់ ខណៈវាចូលជាធរមាននៅម៉ោង ២០:០០ (ម៉ោងនៅកម្ពុជា)។
យ៉ាងណា កិច្ចព្រមព្រៀងនេះ នៅតែស្ថិតក្នុងស្ថានភាពដ៏ផុយស្រួយបំផុត ព្រោះតែបណ្តារដ្ឋមន្ត្រីស្តាំនិយមជ្រុល នៅក្នុងគណបក្សចម្រុះរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញមុខ ទាមទារជាសាធារណៈឲ្យមានការសងសឹកយ៉ាងចាស់ដៃបំផុត ទៅលើក្រុមហេសបូឡា។

បទឈប់បាញ់កើតឡើង បន្ទាប់ពី ទូទាំងប្រទេសលីបង់ ត្រូវស្ថិតក្រោមការវាយប្រហារដោយគ្រាប់បែក និងគ្រាប់កាំភ្លើងធំ របស់អ៊ីស្រាអែល បណ្តាលឲ្យមនុស្ស ៤៧នាក់ បាត់បង់ជីវិត និង ៩៧នាក់រងរបួស។
យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានជាតិលីបង់ ដែលត្រូវយកទៅចុះផ្សាយបន្តដោយសារព័ត៌មាន Anadolu កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦, សំឡេងផ្ទុះអាវុធ បានអង្រួនទាំងមេឃមិនទាន់ភ្លឺ តាំងពីពាក់កណ្តាលអធ្រាត្រមកម៉្លេះ។

នៅម៉ោង២រំលងអាធ្រាត្រ យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារផ្លូវអាកាសយ៉ាងសាហាវព្រៃផ្សៃ ចំតំបន់សាកលវិទ្យាល័យ និងប្លុកអគារស្នាក់នៅ ជាច្រើនកន្លែង។
សូមជម្រាបជាថ្មី គិតចាប់តាំងពីអ៊ីស្រាអែល បើកការវាយលុកទ្រង់ទ្រាយធំលើលីបង់ កាលពីដើមខែមីនាមក ប្រជាជនលីបង់ជិត ៤ ០០០នាក់បានស្លាប់ ជាង ១ម៉ឺននាក់រងរបួស និងជាង ១លាននាក់ត្រូវបោះបង់ចោលផ្ទះសម្បែងរត់ភៀសខ្លួន ស្របពេលដែលកងទ័ពអ៊ីស្រាអែល វាយលុកចូលជ្រៅក្នុងទឹកដីលីបង់ជាង ១០គីឡូម៉ែត្រទៅហើយ៕