ត្រាំ បង្ហើបពីការលួចដឹកប្រេងកាត់ច្រកសមុទ្រហ័រមូស ទាំងអ៊ីរ៉ង់មិនដឹងខ្លួន

នេះជារឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅ​ពេលដែល​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​ទម្លាយ​ការណ៍សម្ងាត់មួយប្រាប់សារព័ត៌មាន Axios កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៦ ថា អំឡុង​ពេល​សង្គ្រាម ទីក្រុងវ៉ាស៊ីនតោន បានលួចចល័តនាវាដឹកប្រេងយ៉ាងហោចណាស់ ៨៧គ្រឿង កាត់តាមច្រកសមុទ្រហ័រមូស ទាំងកណ្តាលអធ្រាត្រ ដោយបិទភ្លើងងងឹតស្លុប ដើម្បីកុំឱ្យកងទ័ពអ៊ីរ៉ង់ដឹងខ្លួន។

លោក ត្រាំ 

លោក ត្រាំ បានរៀបរាប់ថា ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង ១រំលងអធ្រាត្រ ដោយមាននាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកបើកអមដំណើរការពារ។ លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា ផែនការនេះជោគជ័យទៅបាន ក៏ព្រោះតែកងទ័ពអាមេរិកបានវាយកម្ទេចប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារខ្លួនរបស់អ៊ីរ៉ង់ កាលពីពេលមុនបាត់ទៅហើយ ទើបធ្វើឱ្យគ្មាននរណាម្នាក់ដឹងទាល់តែសោះថា ប្រេងទាំងនោះដឹកចេញពីណា អស់រយៈពេលជាងមួយខែមកនេះ។

ការចេញមុខមកលាតត្រដាងរបស់លោក ដូណាល់ ត្រាំ បែបនេះ ធ្វើឡើងបន្ទាប់ពីទីផ្សារថាមពលពិភពលោកបានជួបប្រទះនឹងការរំខាន និងប្រែប្រួលយ៉ាងខ្លាំង អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលវាជាផលវិបាកកើតចេញពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈកន្លងទៅ។ ជុំវិញរឿងនេះដែរ លោក Pete Hegseth ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់បន្ថែមដែរថា ប្រតិបត្តិការសម្ងាត់ដែលមានឈ្មោះថា «Project Freedom» មួយនេះ បានជួយការពារ និងនាំផ្លូវនាវាដឹកប្រេងរហូតដល់ទៅ ១២៥លានបារ៉ែល ឱ្យឆ្លងកាត់ច្រកសមុទ្រដ៏គ្រោះថ្នាក់នោះដោយសុវត្ថិភាព។

លោក ត្រាំ ក៏បាន​លើកឡើង​ទៀត​ដែរ​ថា ពេលនេះ នាវាដឹកប្រេងកំពុងតែបើកសម្រុកចេញពីច្រកសមុទ្រហ័រមូសយ៉ាងច្រើនសន្ធឹកសន្ធាប់ ហូរហៀរពេញទីកន្លែង ក្នុងចំនួនមួយដែលមិនធ្លាប់មាននរណាបានឃើញពីមុនមកឡើយ ពោលគឺមាននាវារហូតដល់ទៅប្រហែល ៧០០គ្រឿងឯណោះ។ ជាមួយគ្នានោះ លោកមិនភ្លេចរំលឹកឡើងវិញនូវភាពខ្លាំងពូកែរបស់ប្រទេសខ្លួន ដោយអះអាងថា អាមេរិកគឺជាប្រទេសដែលមានកងទ័ពដ៏អស្ចារ្យបំផុតនៅលើពិភពលោក។

យ៉ាងណាមិញ បើនិយាយ​ពី​រឿង​ចរចា​សន្តិភាពវិញ លោក ត្រាំ បានព្រមានថា ប្រទេសអ៊ីរ៉ង់មានពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ លោកបានបញ្ជាក់ច្បាស់ៗថា បើក្នុងរយៈពេល ៦០ថ្ងៃនេះ អ៊ីរ៉ង់មិនព្រមព្រមព្រៀងគ្នាទេ អាមេរិកនឹងចាត់វិធានការក្តៅ ដែលធ្វើឱ្យអ៊ីរ៉ង់មិនសប្បាយចិត្តឡើយ ហើយនៅពេលនោះ នាវាដឹកប្រេងទាំងឡាយក៏នឹងត្រូវកាត់ផ្តាច់ មិនអាចបើកចេញពីច្រកសមុទ្រនោះបានទៀតដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរួមគ្នាចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកលើអនុស្សរណៈនៃការយោគយល់គ្នា «អ៊ីស្លាម៉ាបាត» ដែលមានគោលបំណងបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង