បារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់

បារីគេចពន្ធជិត ១០០ប៊ិច ដែលបម្រុងនាំឆ្លងដែនទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចចម្រុះ ចុះធ្វើការបង្ក្រាប រួមជាមួយនឹងរថយន្តមួយគ្រឿង ដែលក្រុមឈ្មួញដឹកបារីទាំងនេះត្រៀមនាំឆ្លងដែន បើទោះបីជាប្រមុខរដ្ឋាភិបាលបានប្រកាស ឱ្យលោកអភិបាលខេត្តពង្រឹងលើការបង្ក្រាបបទល្មើសឆ្លងដែន ឲ្យបានតឹងរឹងយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែបន្តធ្វើសកម្មភាពដោយគ្មានញញើត។

​ប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានធ្វើឡើងកាលពីវេលាម៉ោងជាង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា បង្ក្រាបករណីដឹកជញ្ជូនបារីបម្រុងឆ្លងដែនខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

​តាមប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកទំនិញគេចពន្ធនេះ ធ្វើឡើងដោយមានការចូលរួមសហការពី៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក , កម្លាំងយោធាវីរៈសេនាតូចលេខ ៥៥១ និង កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧។

​ជាលទ្ធផល សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ បារីគេចពន្ធ ជិត ១០០ ប៊ិច , រថយន្ត ០១ គ្រឿង ម៉ាក Toyota ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4463 ដែលក្រុមឈ្នួញប្រើប្រាស់សម្រាប់ធ្វើសកម្មភាព។

​បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានបែងចែកគ្នារក្សាទុកជាបណ្តោះអាសន្ន ៖ កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧ យកទៅរក្សាទុកចំនួន ២២ ប៊ិច , កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក យកទៅរក្សាទុកចំនួន ៤៦ ប៊ិច រួមទាំងរថយន្ត ០១ គ្រឿងខាងលើ។ បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្នុងចំណាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង