កម្ពុជា ទទួលបានព័ត៌មានពីជម្រក Online Scam ៥០ទីតាំង ពី FBI និងចុះបង្ក្រាបដោយជោគជ័យ
ក្រោមកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាម៉េរិក អាជា្ញធរកម្ពុជា បានទទួលព័ត៌មានអំពីទីតាំង ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន៥០ទីតាំង។ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់បែបនេះ នៅក្នុងការសង្ខេបព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន ជាពិសេស ការឆបោកតាមបច្ចេកវិទ្យា រវាងកម្ពុជា-FBI ។
ក្នុងឃ្លីបវីដេអូដែលចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញានេះ លោក ទូច សុឃៈ បន្ថែមថាទីតាំងបទល្មើសទាំង៥០នោះ ស្ថិតនៅខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, កណ្តាល, ស្វាយរៀង, កំពត, ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មាន ដ៏មានសារៈសំខាន់នេះ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ ឥតបង្អង់ដៃ រហូតកំណត់បានមុខសញ្ញា និងចុះបោសសម្អាតបានជោគជ័យ។ នេះជាការ បញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារដូច្នេះថា៖ «សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានស្រាវជ្រាវ និងកំណត់មុខសញ្ញា និងឈានទៅបោសសម្អាតទាំង៥០ទីតាំង រួចរាល់ យ៉ាងជោគជ័យ។»។
បើតាមអ្នកនាំពាក្យដដែល កម្ពុជា មានកិច្ចសហប្រតិបត្តិការផ្ទាល់ជាមួយស្ថាប័ន FBI តាំងពីឆ្នាំ២០១៦មកម្ល៉េះដែលកាលណោះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងFBI បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរព័ត៌មាន សម្គាល់សា្លកស្នាមក្រយ៉ៅដៃ-ល-។ រហូតដល់ឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ , អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង FBI បានចុះ MoUត្រីភាគី ក្រោមគោលបំណងធំៗ២ គឺទី១. ធ្វើកិច្ចសហប្រតិបត្តិការស៊ើបអង្កេត និងបង្ក្រាបជនល្មើសដែលបានប្រព្រឹត្តអំពើភេវកម្ម, អំពើជួញដូរមនុស្ស, រត់ពន្ធមនុស្ស,ទេសចរផ្លូវភេទ, ជួញដូរកុមារ, ជួញដូរគ្រឿងញៀន, អំពើរត់ពន្ធអាវុធ, ការសម្អាតប្រាក់, បទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការតាមចាប់ជនរត់គេចខ្លួនជាដើម។ ទី២. ការបង្កើតក្រុមការងារ (Task Force)។
ក្រៅពីការផ្តល់ព័ត៌មានអំពីទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយនោះ តាមរយៈ MoU រវាងអាជ្ញាធរកម្ពុជា និងស្ថាប័ន FBI គឺស្ថាប័នរបស់សហរដ្ឋអាម៉េរិកនេះ បាន ស្នើឱ្យកម្ពុជាស្រាវជ្រាវ និងស៊ើបសង្កេតលើសំណុំ រឿង១២ករណី ក្នុងនោះ មុខសញ្ញាពាក់ព័ន្ធករណីរូបិយបណ្ណគ្រីបតូ ៦ករណី, ស្រាវជ្រាវអត្តសញ្ញាណអ្នកប្រើប្រាស់(IP Address) ចំនួន ៣ករណី, ករណីការឆបោកពាក់ព័ន្ធនឹងការវិនិយោគរូបិយបណ្ណគ្រីបតូ ចំនួន២ករណី និងស្រាវជ្រាវអត្តសញ្ញាណរថយន្ត ដែលសង្ស័យបម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណី។ ចំពោះករណីទាំង១២នេះ ភាគីកម្ពុជា បានស្រាវជ្រាវ និងផ្តល់លទ្ធផលស្រាវជ្រាវទៅកាន់ស្ថាប័ន FBI រួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
គួរកត់សម្គាល់ថា ការរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន FBI ពិសេសពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្របពេលដែលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី២៣-២៤ ខែកញ្ញា។
សន្និសីទអន្តរជាតិនេះ នឹងមានការចូលពីប្រទេសសំខាន់ៗ និងស្ថាប័នជំនាញច្រើន រួមមាន សហរដ្ឋអាម៉េរិក ចិន ជប៉ុន អូស្រា្តលី ជប៉ុន កូរ៉េខាងត្បូង ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) អង្គការប៉ូលិសអន្តរជាតិ (Interpol) អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា (Cybersecurity) រួមទាំងប្រទេសក្នុងនិងក្រៅតំបន់ជាដើម។
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជា បានបើកប្រតិបត្តិការស៊ើប អង្កេតលើទីតាំងសង្ស័យបានចំនួន៨៣២កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង។ ក្នុងនោះ អាជ្ញាធរបានគ្រប់គ្រង និងកម្ទេចទីតាំង ឆបោកតាមអនឡាញ ទ្រង់ទ្រាយធំ ( Scam Compound ) បានរហូតដល់ ៨៦កន្លែង រួមទាំងបណ្តេញចេញមុខសញ្ញាជនសង្ស័យ ជាជនបរទេសបានជាង២ម៉ឺននាក់៕

