មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​ព្រំដែន​ចុះ​ស្រាវជ្រាវ​សំណុំរឿង​កញ្ឆា​ក្រៀម ៥០​កញ្ចប់ ច្រក​ក្នុង​កា​រុង ដែល​​ទាហាន​ថៃប.ន្លំ​បញ្ជូនមក​​ជាមួយ​អីវ៉ាន់​ពលករ​ខ្មែរ

ខេត្តបាត់ដំបង ​៖ មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​មន្ត្រី​ព្រំដែន នឹងចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​សំណុំរឿង​«​កញ្ឆា​ក្រៀម​»​ចំនួន​៥០​កញ្ចប់ នៅ​ថ្ងៃ​ទី ២២ កញ្ញា​នេះ ខណៈដែល​ទាហាន​ថៃ បន្លំ​បញ្ជូន​តាម​ពលករ​ខ្មែរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​ច្រករបៀងមួយ​កាលពី​២​ថ្ងៃមុន នៅ​ក្នុងស្រុក​កំ​រៀង​។ នេះ​បើ​តាមការឱ្យដឹងពី​​លោក វេ គឹ​មចត់ អធិការ​ស្រុក​កំ​រៀង ។

លោក វេ គឹ​មចត់ អធិការ​ស្រុក​កំ​រៀង បាន​ឱ្យដឹង​ថា មន្ត្រី​ជំនាញ​របស់​លោក បាន​ទ​ទូល​ចាត់ការ​លើ​ករណី​នេះ ពី​មន្ត្រី​នគរបាល​ព្រំដែន និងមន្ត្រី​យោធា ដែល​បង្ក្រាប​បានជាមួយនឹង​ពលករ​ខ្មែរ​ប្រមាណ​ជាង​២០​នាក់ ដែល​​ក្រុម​ទាហាន​ថៃ បញ្ជូន​ត្រឡប់​មក​វិញ តាម​ច្រករបៀង​ព្រំដែន​។

លោកបាន​បញ្ជាក់​ថា «​កញ្ឆា​ក្រៀម​» ចំនួន​៥០​កញ្ចប់ ច្រក​ក្នុង​ការុង ត្រូវ​បាន​ទាហាន​ថៃ បន្លំ​បញ្ជូន​ជាមួយ​អីវ៉ាន់​របស់​ពលករ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​ពួក​ទាហាន​ថៃ បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​។ ពេល​បញ្ជូន​ចូល​ដល់​ទឹកដី​ខ្មែរ ត្រូវ​កម្លាំង​នគរបាល​ព្រំដែន និង​កម្លាំង​​យោធាត្រូ​ត​ពិនិត្យ​រក​ឃើញ​កញ្ឆា​ទាំងនោះ ច្រក​ក្នុង​ការុង តែ​រក​មិនឃើញ​ម្ចាស់​កញ្ឆា ដែល​រង់ចាំ​ទ​ទូល​នៅ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​ពេល​នេះ​លោកស្នងការបញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​របស់​លោក និងកម្លាំង​ការពារ​ព្រំដែន ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ​។ លោក វេ គឹ​មចត់ បាន​បញ្ជាក់​បន្ថែម​ថា «​កញ្ឆា​ក្រៀម​»​ចំនួន​៥០​កញ្ចប់ និងពលករ​ខ្មែរ​ប្រមាណ​ជាង​២០​នាក់ ត្រូវ​បាន​កម្លាំង​​នគរបាល​ការពារ​ព្រំដែន និង​កម្លាំង​​យោធា​ប្រគល់​មក​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក ជា​អ្នក​សួរនាំ និង ចាត់ការ​បន្ត​។

យោង​តាម​របាយ​ការ​ណ៏​បាន​ឱ្យដឹងថា «​កញ្ឆា​ក្រៀម​» ចំនួន​០១​កា​រ៉ុ​ង មាន​៥០​កញ្ចប់​នោះ ត្រូវ​ក្រុម​​ទាហាន​ថៃ បន្លំ​បញ្ជូន​តាម​ពលករ​ខ្មែរ​មួយ​ក្រុម ត្រឡប់​មក​ស្រុក​កំណើត​វិញ កាលពី​ព្រឹក​ថ្ងៃ​ទី ២០ កញ្ញា តាម​ច្រករបៀង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​ត្រាង ស្រុក​កំ​រៀង​។

បើ​តាម​ប្រភព​ព័​ត៌មាន ក្រុម​ពលករ​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ បញ្ជូន​ឆ្លង​ព្រំដែន​មក​មុន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ដែល​កំពុង​រង់ចាំ លុះ​ក្រោយមក​ទើប​ភាគី​ថៃ បញ្ជូន​អីវ៉ាន់ និងសម្ភារៈ​នានា​របស់​ពលករ​ខ្មែរ​មក​តាម​ក្រោយ​។ នៅ​ពេល​ទាហាន​ថៃ បញ្ជូន​អីវ៉ាន់​មក​ដល់​ដី​ខ្មែរ កម្លាំង​នគរបាល​ព្រំដែន​និង​កម្លាំងយោធា ក៏​បាន​ត្រូ​ត​ពិនិត្យ ស្រាប់តែ​រក​ឃើញ​កា​រុង​មួយ​គួរ​ឲ្យ​សង្ស័យ​។ លុះ​ឆែក​មើល​ក៏​ប្រទះ​ឃើញ​សុទ្ធតែ​«​កញ្ឆា​ក្រៀម​» ដែល​គេ​វេច​ខ្ចប់​ជា​កញ្ចប់​ៗ​យ៉ាង​ល្អ ប៉ុន្តែ​គេ​រកមុខ​ម្ចាស់​កញ្ឆា​នោះ​មិនឃើញ​ទេ បើ​ទោះជា​មន្ត្រី​ព្រំដែន បាន​ជជីក​សួរនាំ​ក្រុម​ពលករ​ខ្មែរ​រាប់​សិប​នាក់​ទាំងនោះ​ក្ដី​។

បន្ទាប់​ពី​សួរនាំ​ មិន​ធ្លាយ​ចេញ​ម្ចាស់​កញ្ឆា​៥០​កញ្ចប់​នោះ ទើប​មន្ត្រី​ព្រំដែនសម្រេច​ប្រគល់​កញ្ឆា​ទាំងនោះ ជាមួយនឹង​ពលករ​ខ្មែរ​ប្រុស​ស្រី​ប្រមាណ​ជាង​២០​នាក់ ឲ្យ​ទៅ​មន្ត្រី​ជំនាញ នៃ​អធិការ​ស្រុក​កំ​រៀង សួរនាំ​បន្ត​តាម​នីតិវិធី​។

លោក វេ គឹ​មចត់ អធិការ​ស្រុក​កំ​រៀង បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ​ ក្រុម​ពលករ​ខ្មែរ​ជាង​២០​នាក់ លោក​បាន​សុំ​គោល​ការ​ណ៍ថ្នាក់លើ និង​បាន​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​អស់ហើយ នៅឡើយ​កញ្ឆា​៥០​កញ្ចប់ នឹង​ប្រគល់​ជូន​ទៅ​ការិ​យា​ល័យ​ជំនាញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី១៩ កញ្ញា ភាគី​ថៃក៏​បាន​​បញ្ជូន​​ពលករ​ខ្មែរ​ចំនួន៦​នាក់ ប្រគល់​ឱ្យ​ភាគី​ខ្មែរ​វិញ តាម​ច្រករបៀង នៅ​ក្នុងភូមិ​សាស្ត្រឃុំ​ត្រាង ស្រុក​កំ​រៀង ខាងលើ​នេះ​ដែរ​។ ប៉ុន្តែ​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ព្រំដែន​ខាង​កម្ពុជា ចុះ​ទៅ​ទ​ទូល ស្រាប់​តែ​​ឃើញ​មាន​សាកសព​ស្ត្រី​ម្នាក់ និងបុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ចំណោម​ពលករ​ខ្មែ​ប្រុស​ស្រី ក្មេង​ចាស់​ទាំង​៦​នាក់​នោះ​។ លុះ​នៅ​ថ្ងៃ​ទី២០ កញ្ញា ភាគី​ថៃបញ្ជូន​ពលករ​ខ្មែរ​មួយ​ក្រុមត្រឡប់​មក​ស្រុក​កំណើត​វិញ​ដូច​គ្នា បែរជា​បន្លំ​បញ្ជូន​ទាំង​«​កញ្ឆា​ក្រៀម​» មួយ​កា​រុង​មក​ជាមួយ​។ នេះ​ជា​គំនិត​ទុច្ចរិត​របស់​ភាគី​ថៃ ជាមួយ​ជន​ទុច្ចរិតខាង​ភាគី​ខ្មែរ ដែល​តែង​ឆក់​ឱកាស​លួច​នាំ​ចូល នាំ​ចេញ​នូវ​ទំនិញ​ខុសច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង