អាជ្ញាធរ បណ្តេញ ជនជាតិថៃ ៤៩ នាក់ ចេញពី កម្ពុជា ពាក់ព័ន្ធបទល្មើស Online Scams
ជនជាតិថៃប្រុស-ស្រី ចំនួន ៤៩ នាក់ ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើស Online Scams។


ការប្រគល់-ទទួល និង បញ្ជូនចេញនូវជនជាតិថៃខាងលើធ្វើឡើងនាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី , លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត , លោកឧត្ដមសេនីយ៍ត្រី អេង លីហួរ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង ខាងភាគីថៃចាំទទួលដឹកនាំដោយលោកស្រី Varunee Mangkorn នាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ បានខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។


លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ជនជាតិថៃដែលត្រូវបានបណ្តេញចេញខាងលើ សរុបចំនួន ៤៩ នាក់ ក្នុងនោះ ស្រី ១៨ នាក់ បានមកលួចលាក់ស្នាក់នៅ និង ប្រព្រឹត្តបទល្មើស Online Scams ខុសច្បាប់ នៅកម្ពុជា។ ក្នុងចំណោមជនជាតិថៃទាំង ៤៩ នាក់ មាន ៤៣ នាក់ ត្រូវបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំ។ ចំណែក ៦ នាក់ទៀត ត្រូវបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជារយៈពេល ៥ ឆ្នាំ៕
