តៃវ៉ាន់ ប្រកាសពង្រឹងល្បឿនសឹក ហើយថា ចិនអាចវាយឆ្មក់គ្រប់ពេល
លោក Wellington Koo រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសយ៉ាងអាសន្នថា កងទ័ពតៃវ៉ាន់ចាំបាច់ត្រូវតែសាកល្បងសមត្ថភាពឆ្លើយតបភ្លាមៗ ក្នុងករណីមានសង្រ្គាមផ្ទុះឡើង ព្រោះពេលនេះសញ្ញាព្រមានមុនពេលចិនបើកការវាយប្រហារ គឺកាន់តែខើចទៅៗហើយ។

តាមការផ្សាយរបស់រ៉យទ័រ ការប្រកាសនាថ្ងៃទី២៤ ខែមិថុនា នេះ បានធ្វើឡើងស្របពេលដែលតៃវ៉ាន់កំពុងរៀបចំសមយុទ្ធយោធារយៈពេល ៥ថ្ងៃពេញ ដើម្បីពង្រឹង «ការត្រៀមខ្លួនប្រយុទ្ធភ្លាមៗ»។ ក្នុងនោះ កងទ័ពតៃវ៉ាន់ បានចាប់ផ្តើមហ្វឹកហាត់លើសេណារីយ៉ូមួយ ដែលថា ចិនអាចនឹងផ្លាស់ប្តូរការធ្វើសមយុទ្ធធម្មតារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ទៅជាការវាយប្រហារពិតប្រាកដតែម្តង។
លោក Koo បានប្រាប់អ្នកកាសែតនៅវិមានសភាតៃវ៉ាន់ថា សមយុទ្ធលើកនេះ គឺផ្តោតសំខាន់បំផុតទៅលើល្បឿន ពោលគឺធ្វើការផ្លាស់ប្តូរស្ថានភាពពី «ពេលសន្តិភាព» ទៅជា «ពេលសង្រ្គាម» ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន។
ភ្លាមៗនោះ ឆ្លើយតបចេញពីទីក្រុងប៉េកាំង អ្នកស្រី Zhang Han អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានចេញមុខស្តីបន្ទោសថា ការធ្វើសមយុទ្ធរបស់តៃវ៉ាន់ បង្ហាញពី «បំណងអាក្រក់ ក្នុងការស្វែងរកឯករាជ្យដោយប្រើកម្លាំងបាយ»។ អ្នកស្រីបានព្រមានធ្ងន់ៗថា នៅចំពោះមុខកងទ័ពដ៏មានអំណាចរបស់ចិន ការសម្តែងឫកពារបស់អាជ្ញាធរតៃវ៉ាន់ គឺគ្មានប្រយោជន៍ឡើយ មានតែនាំមកនូវការបំផ្លិចបំផ្លាញដល់កោះតៃវ៉ាន់ប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយ ចិននៅតែប្រាថ្នាចង់បង្រួបបង្រួមជាតិដោយសន្តិវិធី ប៉ុន្តែដាច់ខាតមិនព្រមបោះបង់ជម្រើសប្រើប្រាស់កម្លាំងយោធានោះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) កំពុងតែដឹកនាំយុទ្ធនាការធ្វើទំនើបកម្មកងទ័ពយ៉ាងសកម្ម ដោយមានគោលដៅជំរុញកញ្ចប់ថវិកាការពារជាតិឱ្យកើនឡើងដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) មុនឆ្នាំ២០៣០។ លោកបានដាស់តឿនមេទ័ពធំៗទាំងអស់ឱ្យមានគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការផ្លាស់ប្តូរកម្លាំងទ័ព ព្រោះតែស្ថានភាពក្នុងតំបន់កំពុងប្រែប្រួលលឿនណាស់ ហើយបញ្ហាប្រឈមនាពេលនេះ គឺមានភាពស្មុគស្មាញខ្លាំង និងមិនមែនជាទម្រង់សង្រ្គាមបែបបុរាណទៀតឡើយ។
ជាការពិតណាស់ ផែនការបង្កើនថវិកាយោធារបស់តៃវ៉ាន់នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែក និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត។ លោក Raymond Greene មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកប្រចាំនៅទីក្រុងតៃប៉ិ បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមិថុនា ថា អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ មានទស្សនៈដូចគ្នា គឺត្រូវតែរួមគ្នាការពារ និងទប់ស្កាត់រាល់ការប៉ុនប៉ងយកកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ ដើម្បីរក្សាស្ថានភាពដើមនៅតំបន់ខ្សែសង្វាក់កោះទីមួយ ដែលលាតសន្ធឹងចាប់ពីប្រទេសជប៉ុន ចុះមកតៃវ៉ាន់ ហ្វីលីពីន និងកោះ Borneo៕

