កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃ ក្នុងតំបន់ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពកាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២៦ ដោយបានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀត។
សកម្មភាពខាងលើនេះ រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ (វិធានការ កាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាម កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការ ទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះ ពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយ ជំម្លោះដោយសន្តិវិធី និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជាប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំង នោះឡើយ៕
