លោក Trump ថា ជំនួបរវាងមេដឹកនាំ រុស្ស៊ី-អ៊ុយក្រែន នឹងកើតឡើងឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមដ៏ធំនៅអឺរ៉ុប ដែលឈានចូលដល់ឆ្នាំទី ៥ ហាក់រកឃើញពន្លឺសន្តិភាពសាជាថ្មី ខណៈដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា នឹងមានការរៀបចំជំនួបមួយរវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះរវាងគូសត្រូវទាំងពីរ ។
បើតាម Straits Times, មេដឹកនាំអាមេរិករូបនេះ កាលពីថ្ងៃពុធ បានប្រាប់អ្នកសារព័ត៌មាន ក្រោយវិលត្រឡប់មកពីរដ្ឋតិចសាស់ ជាទីដែលលោកបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិចំនួនពីរលើកថា រដ្ឋបាលរបស់លោកកំពុងធ្វើឱ្យមានវឌ្ឍនភាពយ៉ាងខ្លាំងលើបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ជំនួបមួយនឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗនេះ ដោយមានលោកប្រធានាធិបតី ពូទីន និងប្រធានាធិបតី ហ្សេលេនស្គី ចូលរួម ។ យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ មិនបានបញ្ជាក់លំអិតអំពីកាលបរិច្ឆេទ ឬទីតាំងជាក់លាក់នៃជំនួបនេះនៅឡើយទេ
ប៉ុន្តែលោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានបង្ហើបថា វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ពោលគឺមិនយូរប៉ុន្មានទៀតទេ ដោយលោកអះអាងថា កិច្ចការនេះ មិនចាំបាច់ធ្វើឡើងតាមរយៈការជួបមុខគ្នាផ្ទាល់នោះទេ ។
យោងតាមសម្តីរបស់លោកប្រធានាធិបតី ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យកន្លងទៅ, ផែនការសម្រាប់កិច្ចប្រជុំត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ី និងអាមេរិក អាចនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ក្នុងគោលបំណងស្តារការចរចាសន្តិភាពឡើងវិញ ៕
