ប៉ាគីស្ថាន បើកការវាយប្រហារតាមបណ្តោយព្រំដែនជាមួយអាហ្វហ្គានីស្ថាន សម្លាប់ក្រុមសកម្មយុទ្ធ ២៩នាក់
មន្ត្រីប៉ាគីស្ថាន បានលើកឡើងថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានបើកប្រតិបត្តិការតាមដីគោកនិងអាកាសតាមបណ្តោយព្រំដែនជាប់អាហ្វហ្គានីស្ថាន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមួយ ដោយសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន ២៩នាក់ ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។ នេះបើយោងតាមភ្នាក់សារព័ត៌មាន AFP ផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងការបង្ហោះមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar និយាយថា៖ « ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើម ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាច្រើនលើកដោយក្រុមប្រដាប់អាវុធនៅទូទាំងប្រទេស»។

លោក Tarar សរសេរលើបណ្តាញសង្គម X ដោយសំដៅទៅលើខេត្តចំនួនបី នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ថា គោលដៅចំនួនបីនៅ Paktia, Paktika និង Kunar ត្រូវបានបំផ្លាញ អំឡុងពេលវាយប្រហារយ៉ាងជាក់លាក់។
ទោះយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ មិនមានការឆ្លើយតបភ្លាមៗពីប្រទេសអាហ្វហ្គានីស្ថានទេ។
គួរបញ្ជាក់ថា ការវាយប្រហារនៅប្រទេសប៉ាគីស្ថាន ផ្តោតលើប៉ូលីស និងកងកម្លាំងសន្តិសុខបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការវាយប្រហារបានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប្រដាប់ដោយកាំភ្លើង និងគ្រឿងផ្ទុះបានកំណត់គោលដៅទីស្នាក់ការកណ្តាលតំបន់នៃកងអនុសេនាធំយោធា ភាគខាងត្បូងទីក្រុងកំពង់ផែ Karachi ដោយបានសម្លាប់ទាហានប៉ាគីស្ថានបីនាក់។
មិនតែប៉ុណ្ណោះ ប្រតិបត្តិការចុងក្រោយបំផុតទំនងជានឹងធ្វើឱ្យទំនាក់ទំនងដ៏តានតឹងរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងកាប៊ុលដែលមានរួចទៅហើយ កាន់តែតានតឹងថែមទៀត។
ការវាយប្រហារឆ្លងកាត់ព្រំដែន និងប្រតិបត្តិការតាមដីគោកកាលពីថ្ងៃអាទិត្យបានកើតឡើងតិចជាងបីសប្តាហ៍ បន្ទាប់ពីយោធាប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសលើកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប្រទេសទាំងពីរបានបញ្ចប់ភាពស្ងប់ស្ងាត់ប្រហែលមួយខែ បន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដបានពិពណ៌នាថាជាសង្គ្រាមបើកចំហ រវាងប្រទេសជិតខាង ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីអន្តរជាតិ ដើម្បីសម្របសម្រួលសន្តិភាពយូរអង្វែងក៏ដោយ៕
