ប្រធានរដ្ឋសភាឡាវ ផ្ញើសារអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងឡាវ-កម្ពុជា
(ភ្នំពេញ)៖ លោក Xaysomphone PHOMVIHANE ប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារអបអរសាទរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងឡាវ-កម្ពុជា (១៥ មិថុនា ១៩៥៦ -១៥ មិថុនា ២០២៦)។
ក្នុងសារលិខិត របស់ប្រធានរដ្ឋសភាឡាវ បានសរសេរថា «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា (១៥ មិថុនា ១៩៥៦ -១៥ មិថុនា ២០២៦) តាងនាមរដ្ឋសភានៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រជាជនឡាវ ច្រើនជាតិពន្ធុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុត ជូនពរជ័យ និងការកោតការអបអរសាទរដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេច និងតាមរយៈ សម្តេច ជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយសង្កេតឃើញថា ក្នុងរយៈពេល៧០ឆ្នាំ កន្លងមកនេះ ចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរគឺ ឡាវ និងកម្ពុជា ត្រូវបានពូនជ្រំ និងពង្រឹងជាបន្តបន្ទាប់ ដោយបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសយើង ទាំងពីរ។
ខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ សម្តេច ដើម្បីបន្តជំរុញ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត ដើម្បីផលប្រយោជន៍ ទៅវិញទៅមកនៃប្រជាជាតិយើងទាំងពីរ។
សូមជូនពរឱ្យចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរបន្តរីកចម្រើន និងផ្តល់សមិទ្ធផលកាន់តែធំធេងថែមទៀត»៕

