កម្ពុជា-បារាំង ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការលើកកម្ពស់ការវិនិយោគ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Nicolas Forissier រដ្ឋមន្រ្តីប្រតិភូអមរដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង និងគណៈប្រតិភូបារាំង និងមានការអញ្ជើញចូលរួមពីលោក Olivier RICHARD ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ផងដែរ។ ជំនួបនេះ ធ្វើឡើងនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Nicolas Forissier និងឯកអគ្គរដ្ឋទូត Olivier RICHARD ព្រមទាំងសហការី ក៏ដូចជាការថ្លែងអំណរគុណ ចំពោះស្ថានទូតនៃសាធារណរដ្ឋបារាំង អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលមានប្រវត្តិយូរអង្វែង និងបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែង, តាមរយៈ AFD, បារាំង បានបន្តផ្តល់ការគាំទ្រតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន រួមមាន៖ វិស័យ កសិកម្ម ទឹកស្អាត បណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល អភិវឌ្ឍន៍ជនបទ សុខាភិបាល វប្បធម៌ បរិស្ថាន ទេសចរណ៍ អប់រំ និងមីក្រូហិរញ្ញវត្ថុ ។
ក្នុងឱកាសនោះ, លោក Nicolas Forissier បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋា-រចនាសម្ព័ន្ធ ថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់របស់ប្រទេសទាំងពីរ ក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការជំរុញគម្រោងអាទិភាពមួយចំនួន រួមមាន៖ (១)-គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង, (២)- គម្រោងបំលែងសំណល់ទៅជាថាមពល, និង (៣)-គម្រោងស្តុកថាមពលវារីអគ្គិសនី។ ភាគីទាំងពីរ បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំគម្រោងទាំងនេះឱ្យមានវឌ្ឍនភាព ស្របតាមច្បាប់ បទប្បញ្ញត្តិជាធរមាន និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា កិច្ចសហការស្វែងរកយន្តការហិរញ្ញប្បទានសមស្រប ដើម្បីឲ្យគម្រោងទាំងនេះអាចអនុវត្តបានដោយជោគជ័យ និងប្រកបដោយនិរន្តរភាព។
ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការពង្រឹងកិច្ចសហ-ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការលើកកម្ពស់ការវិនិយោគ, ការផ្សាភ្ជាប់ធុរកិច្ច, ការចូលរួមរបស់វិស័យឯកជន និងការគាំទ្រដល់ផលិតផលកម្ពុជាដើម្បីពង្រីកទីផ្សារអន្តរជាតិ ជាដើម។
ជាមួយគ្នានេះ, ភាគីទាំងពីរ ក៏បានពិភាក្សា និងរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់កម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយជោគជ័យ និងឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង។
ជាទីបញ្ចប់, សារជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរ-គុណចំពោះរាជរដ្ឋាភិបាលបារាំង និងប្រជាជនបារាំង ដែលតែងតែបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា និងបានសម្តែងនូវការជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍រួម និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារាំង៕

