ក្រសួងទេសចរណ៍ ជំរុញវិស័យឯកជនចិន រៀបចំកញ្ចប់ទស្សនកិច្ចនាំភ្ញៀវមកកម្ពុជា
(ចិន)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោកស្រី Sun Jie ប្រធានក្រុមហ៊ុន Touch Travel Agency និងជាស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំទីក្រុងសៀងហៃ លោកស្រី Maggie Yang អនុប្រធានក្រុមហ៊ុន Overseas Destination Marketing និងលោក Romain Woo ស្ថាបនិកក្រុមហ៊ុន Van Hao Sports ដែលជាសហគ្រាសទេសចរណ៍ប្រកបដោយបទពិសោធក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចនាំភ្ញៀវទេសចរចិនទៅកាន់បណ្តាប្រទេសអាស៊ាន រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជំនួបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ អមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋមន្ត្រី ហួត ហាក់ បានផ្សព្វផ្សាយអំពី គោលនយោបាយលើកលែងទិដ្ឋាការសាកល្បងជូនប្រជាជនចិន ព្រមទាំងបានលើកឡើងអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប កាលានុវត្តភាពវិនិយោគ និងផលិតផលទេសចរណ៍ថ្មីៗ របស់កម្ពុជា ព្រមទាំងបានស្នើសហគ្រាសទេសចរណ៍ធំៗ ទាំងបី បន្តសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ប្រតិបត្តិការផ្សព្វផ្សាយរួម និងដំណើរទស្សនកិច្ចសិក្សា (FAM Trip) ដើម្បីជំរុញឱ្យភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនក្នុងអំឡុងពេលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការនេះ៕
