ឡាវជំរុញការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គនៅហ្លួងព្រះបាង ដើម្បីនាំចេញអគ្គិសនីទៅថៃ
រដ្ឋាភិបាលឡាវកំពុងបន្តជំរុញការសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាងលើដងទន្លេមេគង្គ ដោយសម្រេចការសាងសង់បានជាង ៧២% ហើយគ្រោងចាប់ផ្តើមផលិតអគ្គិសនីនៅឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times កាលពីសប្ដាហ៍មុន។

ទំនប់វារីអគ្គិសនីដ៏ធំនេះ មានតម្លៃវិនិយោគប្រមាណ ៥ ប៊ីលានដុល្លារអាមេរិក និងស្ថិតនៅជិតទីក្រុងហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ អគ្គិសនីភាគច្រើនដែលផលិតបាន នឹងត្រូវនាំចេញទៅប្រទេសថៃ។
អាជ្ញាធរឡាវបានបញ្ជាក់ថា គម្រោងនេះដាក់ចេញឡើងដោយគិតគូរពីការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសហគមន៍ក្នុងតំបន់ ដោយភ្ជាប់ជាមួយនឹងវិធានការជួយឱ្យត្រីអាចផ្លាស់ទីបាន ហើយរក្សាទេសភាពជុំវិញទីក្រុងហ្លួងព្រះបាង។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញ និងអង្គការអភិរក្សមួយចំនួននៅតែបង្ហាញក្តីបារម្ភថា ការសាងសង់ទំនប់អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ រួមទាំងលំហូរទឹកផ្ទៃក្រោមទំនប់ ទេសភាពធម្មជាតិ និងតម្លៃបេតិកភណ្ឌរបស់ទីក្រុងហ្លួងព្រះបាង ដែល UNESCO ចុះបញ្ជីតាំងពីឆ្នាំ១៩៩៥។

គម្រោងនេះប៉ះពាល់ដល់ភូមិចំនួន ២២ ដែលមានប្រជាពលរដ្ឋប្រមាណ ៧ ០០០នាក់ ដោយប្រជាពលរដ្ឋមួយចំនួនត្រូវបានផ្លាស់ប្តូរទៅរស់នៅទីតាំងថ្មី។ រដ្ឋាភិបាលឡាវអះអាងថា ការផ្លាស់ទីលំនៅត្រូវបានអនុវត្តស្របតាមគោលនយោបាយរបស់រដ្ឋ និងមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គួរគូសបញ្ជាក់ថា វារីអគ្គិសនីនៅតែជាប្រភពថាមពលសំខាន់របស់ឡាវ ហើយរដ្ឋាភិបាលកំពុងបន្តពង្រីកការវិនិយោគលើគម្រោងទំនប់ថ្មីៗ ដើម្បីបង្កើនការផលិតអគ្គិសនី និងពង្រឹងតួនាទីរបស់ប្រទេសក្នុងនាមជាអ្នកនាំចេញថាមពលទៅកាន់បណ្តាប្រទេសជិតខាង៕
