លោក ត្រាំ ត្រឡប់សម្តីរឿងបើកភ្លើងខៀវឲ្យ អ៊ុយក្រែន ផលិតមីស៊ីលយុទ្ធសាស្ត្រ Patriot ដោយខ្លួនឯង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់សម្រេចចិត្តឲ្យច្បាស់លាស់ក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែនផលិតមីស៊ីលការពារអាកាស Patriot ដោយខ្លួនឯងនៅឡើយទេ ទោះបីជាលោកធ្លាប់លើកឡើងអំពីបញ្ហានេះកាលពីដើមខែកក្កដាក៏ដោយ។

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Financial Times កាលពីថ្ងៃទី៣០ ខែកក្កដា លោក ត្រាំ បានថ្លែងថា ខ្លួន «មិនទាន់ប្រាកដចិត្ត» ឡើយថា តើសហរដ្ឋអាមេរិកនឹងផ្តល់សិទ្ធិឲ្យអ៊ុយក្រែនផលិតមីស៊ីលប្រឆាំងយន្តហោះ Patriot ដោយខ្លួនឯងដែរឬទេ។
លោកបានបញ្ជាក់ថា «យើងកំពុងពិនិត្យមើលបញ្ហានេះ។ នេះគឺជាអាវុធពិសេសបំផុត ហើយវាចាំបាច់ណាស់ដែលត្រូវមានការប្រុងប្រយ័ត្នថា តើគួរផ្តល់អាជ្ញាប័ណ្ណឲ្យអ្នកណា។ ជាការពិតណាស់ យើងមិនសូវដែលផ្តល់អាជ្ញាប័ណ្ណសម្រាប់អាវុធប្រភេទនេះញឹកញាប់ឡើយ»។
ប្រធានាធិបតី ត្រាំ បានអះអាងដោយសង្កត់ធ្ងន់ថា គោលដៅអាទិភាពគឺការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ជាកស្ដែង បេសកជនពិសេស លោក Jared Kushner និងលោក Steve Witkoff នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានថ្លែងថា «និយាយឲ្យងាយស្រួលស្តាប់ យើងចង់ឲ្យការប្រយុទ្ធគ្នាបញ្ចប់ទៅ។ ខ្ញុំមិនមែនកំពុងស្វែងរកគ្រាប់រ៉ុក្កែតនោះទេ អ្វីដែលយើងស្វែងរកគឺសន្តិភាព»។
ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងពីរថ្ងៃបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅសេតវិមាន។ មេដឹកនាំអ៊ុយក្រែនបានពិពណ៌នាថា កិច្ចប្រជុំនោះគឺល្អណាស់ ហើយភាគីទាំងពីរបានពិភាក្សាអំពីការផលិតមីស៊ីល Patriot រួមទាំងគំនិតមួយចំនួនទៀត។ លោកប្រធានាធិបតី ហ្សេលេនស្គី ក្រោយមកបានប្រកាសថា លោក ត្រាំ បានយល់ព្រមឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot ហើយ។
គួររំលឹកថា ក្នុងកិច្ចប្រជុំមួយនៅក្រៅជំនួបកំពូលអង្គការណាតូ ក្នុងប្រទេសទួកគី កាលពីថ្ងៃទី៨ ខែកក្កដា ប្រធានាធិបតីអាមេរិក ត្រាំ បានប្រកាសថា លោកនឹងផ្តល់ភ្លើងខៀវឲ្យអ៊ុយក្រែនផលិតប្រព័ន្ធ Patriot ដើម្បីឲ្យប្រទេសនេះ ឈបអ៊ូរទាំថា អាមេរិកផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៀត៕
