អ៊ីស្រាអែល នៅបន្តផ្លោងគ្រាប់ដាក់ហ្គាហ្សា ស្លាប់១៨នាក់ទៀត ទោះហាម៉ាសយល់ព្រមរំសាយអាវុធ
ស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាបន្តតានតឹងយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល បានកើតឡើងជាបន្តបន្ទាប់រយៈពេលពីរថ្ងៃជាប់គ្នា ដោយបានឆក់យកជីវិតប្រជាជនប៉ាស្ទីនយ៉ាងហោចណាស់ ១៨នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

ការវាយប្រហារនេះ បានកើតឡើង បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីភាពរីកចម្រើនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំមុន និងការដាក់ចេញនូវផែនការរៀបចំសន្តិភាពក៏ដោយ។ ក្រុមមន្ត្រីសុខាភិបាលប៉ាស្ទីន បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែល បានផ្តោតលើតំបន់ជាច្រើន រួមទាំងទីក្រុងហ្គាហ្សាភាគខាងជើង ទីក្រុង Deir al-Balah និងតំបន់ Khan Younis ដែលធ្វើឱ្យតួលេខអ្នកស្លាប់ប្រចាំថ្ងៃឡើងខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ថ្វីដ្បិតមានការប្រកាសពីផែនការសន្តិភាព និងក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាមក៏ដោយ ក៏រដ្ឋាភិបាលអ៊ីស្រាអែល បានបង្ហាញពីភាពសង្ស័យយ៉ាងខ្លាំង ចំពោះលទ្ធភាពដែលក្រុមហាម៉ាសយល់ព្រមទម្លាក់អាវុធចុះចាញ់។ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Eli Cohen បានបញ្ជាក់ថា រដ្ឋាភិបាលចង់ឱ្យក្រុមហាម៉ាសរំសាយ និងបោះបង់អាវុធទាំងស្រុងជាមុនសិន មុនពេលរាល់កិច្ចព្រមព្រៀងផ្សេងៗទៀត អាចដំណើរការបាន បើមិនដូច្នេះទេ អ៊ីស្រាអែលប្រហែលជាត្រូវបន្តគ្រប់គ្រងតំបន់នេះទាំងស្រុង។
ការវាយប្រហារលើកនេះ បានធ្វើឱ្យគ្រួសារជាច្រើនបាត់បង់សមាជិក ដោយក្នុងចំណោមនោះ មានទាំងប្តីប្រពន្ធ និងកូនប្រុសអាយុ ៩ឆ្នាំម្នាក់នៅក្នុងគ្រួសារតែមួយ ខណៈដែលភាគីអ៊ីស្រាអែលអះអាងថា គោលដៅរបស់ខ្លួន គឺមេបញ្ជាការ និងកងកម្លាំងយោធារបស់ក្រុមហាម៉ាសតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហាម៉ាស បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា កំពុងព្យាយាមបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងឆ្លៀតឱកាសពង្រីកការគ្រប់គ្រង តាមរយៈការបង្កើនការវាយប្រហាររឹតតែខ្លាំងក្លានេះ ទោះបីជាពួកគេបានបង្ហាញពីភាពបត់បែនខ្លះក្នុងកិច្ចចរចាក៏ដោយ។
បច្ចុប្បន្ន ក្រុមអ្នកសម្របសម្រួលអន្តរជាតិ និងក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកាត់បន្ថយភាពតានតឹង និងអនុវត្តផែនការសន្តិភាពពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ អនាគតនៃសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា ត្រូវគេមើលឃើញថានៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែភាគីទាំងសងខាងនៅតែបន្តប្រទូសរ៉ាយ និងទាមទារលក្ខខណ្ឌរៀងៗខ្លួន៕
