ដ្រូនអ៊ុយក្រែន វាយប្រហារឆ្នេរសមុទ្ររុស្ស៊ី កកកុញដោយទេសចរ សម្លាប់មនុស្ស ៧នាក់ របួស ៤០នាក់
ជាការវាយប្រហារមួយដ៏គួរឲ្យតក់ស្លុត! ដ្រូនមួយគ្រឿង ហោះមកពីអ៊ុយក្រែន បានវាយប្រហារចំឆ្នេរសមុទ្រដ៏ពេញនិយម ពោរពេញទៅដោយទេសចរ ក្នុងតំបន់ Krasnodar បណ្តាលឲ្យមនុស្ស ៧នាក់បាត់បង់ជីវិត និង ៤០នាក់រងរបួស ហើយអ្វីដែលកាន់តែរន្ធត់គឺថា ក្នុងចំណោមអ្នកស្លាប់ ក៏រួមមានក្មេងៗ ៣នាក់ផងដែរ។

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ការវាយប្រហារ កើតឡើងក្បែរភូមិ Arkhipo-Osipovka នៃតំនប់សមុទ្រខ្មៅ ដែលជាទិសដៅទេសចរ ពោរពេញដោយមនុស្សកកកុញ ហើយពេលកើតហេតុ ក៏គ្មានការបន្លឺស៊ីរ៉ែន ប្រកាសអាសន្នអ្វីដែរ។
យ៉ាងណា ទីក្រុងកៀវ បានចេញមុខបកស្រាយថា ដ្រូននេះគ្មានបំណងកំណត់គោលដៅ លើប្រជាជនស៊ីវិលឡើយ ខណៈបើតាមការអះអាងរបស់ Channel Telegram អ៊ុយក្រែន មួយចំនួន, ដ្រូននេះបានធ្លាក់លើឆ្នេរ ដោយសារតែប្រព័ន្ធរុស្ស៊ី ចាប់ហើយកាត់ផ្តាច់សញ្ញា។
ទោះមានការដោះសារ តែក្រសួងការបរទេសរុស្ស៊ី ចាត់ទុកទង្វើនេះ ជាអំពើភេរវកម្ម ហើយប្តេជ្ញាសងសឹកវិញ ឲ្យចាស់ដៃបំផុត។

ហេតុការណ៍ចុងក្រោយនេះ កើតឡើងស្របពេល ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បញ្ជាក់យ៉ាងច្បាស់ថា ដ្រូនរបស់អ៊ុយក្រែន នឹងមានសមត្ថភាពហោះហើរបានចម្ងាយជាង ៤ពាន់គីឡូម៉ែត្រនៅក្នុងឆ្នាំ ២០២៦ នេះ។
អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា នៅឆ្នាំ២០២៧ ដ្រូនរយៈចម្ងាយឆ្ងាយទាំងនេះ អាចនឹងហោះបានចន្លោះពី ៥ពាន់ ទៅ ១ម៉ឺនគីឡូម៉ែត្រឯណោះ។
ប្រសិនបើសមត្ថភាពនេះ លេចចេញជារូបរាងមែននោះ មានន័យថា ដ្រូនរបស់អ៊ុយក្រែន អាចហោះគ្របដណ្តប់លើទឹកដីប្រទេសរុស្ស៊ីទាំងមូលតែម្តង ឬអាចហោះពីទីក្រុងកៀវ ទៅដល់ទីក្រុង San Francisco នៃសហរដ្ឋអាមេរិកបានយ៉ាងងាយ៕
