Apple ដក Telegram ពី App Store មួយភ្លែត ដោយសារមានអ្នកប្រើម្នាក់បំពានគោលការណ៍
កម្មវិធី Telegram នៅថ្ងៃទី៤ ខែសីហា ត្រូវបានលុបចេញពី App Store នៅទូទាំងពិភពលោកដោយក្រុមហ៊ុន Apple ក្រោយរកឃើញថា មានអ្នកប្រើប្រាស់ម្នាក់បានចែករំលែករូបភាព និងវីដេអូបំពានផ្លូវភេទលើកុមារ។ មិនយូរប៉ុន្មាន កម្មវិធីផ្ញើសារនេះ ត្រូវបានដាក់បញ្ចូលវិញ។
បណ្ដាញសង្គម Telegram ដែលមានអ្នកប្រើប្រាស់ជាង១ពាន់លាននាក់ នៅថ្ងៃទី៤ ខែសីហា ត្រូវបានលុបចេញពី App Store ភ្លាមៗដោយគ្មានការបកស្រាយណាមួយពីក្រុមហ៊ុនផលិតទូរស័ព្ទ Apple ឡើយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple អះអាងថា ការលុបនេះ ជាបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះក្រុមហ៊ុន Apple បានពិនិត្យរកឃើញថា មានខ្លឹមសារបំពានលើគោលការណ៍ណែនាំដែលហាមឃាត់មាតិកាបំពានផ្លូវភេទលើកុមារ។ យ៉ាងណាមិញ កម្មវិធីនេះ ត្រូវបានត្រឡប់មកវិញ ក្រោយ Telegram បានលុបមាតិកា និងហាមឃាត់អ្នកប្រើប្រាស់ដែលបានបង្ហោះ។
អ្នកនាំពាក្យនៃក្រុម Telegram ក៏បានបញ្ជាក់ពីវិលត្រឡប់របស់កម្មវិធីផ្ញើសារដ៏ពេញនិយមនេះ។ បន្ថែមពីលើនេះ Telegram អះអាងថា ខ្លួនមានគោលការណ៍មិនអត់ឱនទាល់តែសោះចំពោះមាតិកាណាដែលបំពានផ្លូវភេទលើកុមារ ដោយបានបិទក្រុម និងប្រព័ន្ធផ្សព្វផ្សាយជិត ៣៣៨០០០ជុំវិញបញ្ហានេះកន្លងមក។
បន្ថែមពីលើនេះ Telegram សង្ឃឹមថា ក្រុមហ៊ុន Apple នឹងអនុវត្តវិធានការ និងស្តង់ដារដូចគ្នានេះ ដោយយុត្តិធម៌គ្រប់កម្មវិធីទាំងអស់នៅក្នុង App Store ដោយមិនមែនតែចំពោះ Telegram នោះទេ។
ក្រុមហ៊ុន Telegram កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីអាជ្ញាធរត្រួតពិនិត្យ ជុំវិញរបៀបដែលខ្លួនគ្រប់គ្រងមាតិកាខុសច្បាប់។ កាលពីដើមឆ្នាំ ភ្នាក់ងារត្រួតពិនិត្យសារគមនាគមន៍អង់គ្លេស បានបើកការស៊ើបអង្កេតលើបណ្តាញសង្គមនេះ ក្រោយមានរបាយការណ៍ពីការចែករំលែកមាតិកាបំពានផ្លូវភេទលើកុមារ។ ទោះជាយ៉ាងណា Telegram បដិសេធការចោទប្រកាន់ទាំងនេះ ដោយអះអាងថា ខ្លួនបានកែលម្អប្រព័ន្ធស្វែងរក និងលុបបំបាត់សម្ភារៈខុសច្បាប់តាំងពីឆ្នាំ២០១៨។
មិនតែប៉ុណ្ណោះ អាជ្ញាធរសុវត្ថិភាពអនឡាញរបស់អូស្ត្រាលីក៏បានពិន័យ Telegram ពីការពាក់ព័ន្ធនឹងការពន្យារពេលឆ្លើយតបសំណួរលើវិធានការទប់ស្កាត់ការបំពានលើកុមារ និងខ្លឹមសារជ្រុលនិយមហិង្សា៕
