អយ្យការអមសាលាដំបូងខេត្តកោះកុង ចោទប្រកាន់មនុស្ស ២ នាក់ ដែលលួចដឹកទំនិញថៃ ចំនួន ២ ករណី
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានសម្រេចចោទប្រកាន់ចំនួន ២ ករណី ទៅលើមនុស្ស ២ នាក់ ក្រោយការឃាត់ខ្លួនដោយបានលួចលាក់ដឹកទំនិញថៃក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ១៨ កញ្ញា នេះថា បានទទួលសំណងរឿងក្តី និង ពិនិត្យលើអង្គហេតុរួចរាល់ហើយ ហើយ សម្រេចចោទប្រកាន់ចំនួន ២ ករណី ទៅលើ ទី១.ឈ្មោះ ពុធ ភារៈ ភេទប្រុស អាយុ ៤៣ ឆ្នាំ ជាម្ចាស់ទំនិញដែលនាំចូលពីថៃ និង ទី២.ឈ្មោះ យុន ចាន់ថា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាម្ចាស់រថយន្ត។


អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បង្ហាញពីបទចោទប្រកាន់ថា ទី១-បទក្លែងបន្លំដើមកំណើតទំនិញ តាមមាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និង ទី២-បទនាំចូលទំនិញដោយគ្មានការអនុញ្ញាត តាមមាត្រា ៧៥ នៃច្បាប់ស្តីពី។

កាលពីវេលាម៉ោងប្រមាណ ១១ យប់ ថ្ងៃទី ១៤ ខែកញ្ញា កន្លងទៅ អាជ្ញាធរសមត្ថកិច្ចស្រុកមណ្ឌលសីមា បានឃាត់ខ្លួនមនុស្ស ២ នាក់ ក្រោយរកឃើញលួចលាក់ដឹកទំនិញពីប្រទេសថៃតាមដងផ្លូវជាតិលេខ ៤៨ នៅចំណុចគល់ស្ពានកោះកុង ភូមិនាងកុក ឃុំប៉ាក់ខ្លង ដែលបម្រុងដឹកជញ្ចូនទៅខេត្តព្រះសីហនុ។ ចំពោះទំនិញប្រើប្រាស់ជាផលិតផលរបស់ថៃ ដែលអាជ្ញាធរសមត្ថកិច្ចស្រុកមណ្ឌលសីមា បង្រ្កាប និង ប្រទះឃើញដូចជា ៖ ប្រេងឆា ប្រេងខ្យង ទឹកត្រី មីម៉ាម៉ា និង ថ្នាំពណ៌លាប។


បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង នៅតែទទូចដល់សមត្ថកិច្ចពាក់ព័ន្ធ តាមដាន បង្រ្កាបជនណាដែលតែងតែលួចលាក់ទំនិញមកពីប្រទេសថៃ ហើយដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរតាមច្បាប់ឲ្យស័ក្តិសម ខណៈពលរដ្ឋកម្ពុជាបង្ហាញការឈឺចាប់ និង ពហិការមិនប្រើប្រាស់ជាដាច់ខាត៕
