ជនសង្ស័យ២នាក់ សុំសមត្ថកិច្ចទៅបន្ទប់ទឹករួចបានផ្លោះរបងរត់គេចខ្លួនចេញពីសាលាដំបូង ត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញម្នាក់

ជនសង្ស័យចំនួន២នាក់ ដែលបានរត់គេចខ្លួនចេញពីសាលាដំបូងខេត្តកំពង់ស្ពឺ កាលពី​​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ ម្សិលមិញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធើ្វការស្រាវជ្រាវខ្លួនបានមកវិញមួយម្នាក់ ចំណែកម្នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងធើ្វការស្រាវជ្រាវបន្ត។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីជនសង្ស័យ២នាក់ ដែលបានផ្លោះលួចរត់ចេញពីក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ពេលសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅអយ្យការ ដើម្បីសាកសួរតាមនីតិវិធី។

ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌទាំង២នាក់ ជនសង្ស័យដែលបានរត់គេចខ្លួនផ្លោះរបងចេញពីសាលាដំបូងខេត្ត កំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណជា ១០និង០០នាទីព្រឹក នោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលបានសហការ និងតាមប្រមាញ់ចាប់បានម្នាក់ក្នុងចំណោម ២នាក់ ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធបទប៉ុនប៉ង លួចទ្រព្យសម្បត្តិ រីឯឈ្មោះ ឡេង កែវ ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធបទលួច។

ជនសង្ស័យដែលបានលួចផ្លោះរបងចេញមកខាងក្រៅសាលាដំបូងខេត្ត ដោយមូលហេតុបានសុំសមត្ថកិច្ច ទៅបន្ទប់ទឹករួចបានរត់គេចខ្លួនតែម្ដង។ ជុំវិញករណីខាងលើនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាន បើកការស្រាវជ្រាវបន្ទាន់ ដោយបានការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ ដើម្បីពិនិត្យលើករណីនេះ។ ជាក់ស្តែងជនសង្ស័យដែលសមត្ថកិច្ចតាមចាប់បាន (ឈ្មោះ វ៉ាន់ វុទ្ធី) និងបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី។

ជាមួយគ្នាផងដែរ ស្នងការនរគបាលខេត្តកំពង់ស្ពឺ សំណូមពរឱ្យសាធារណជន និងអ្នកសារព័ត៌មាន ជួយសហការក្នុងការផ្តល់ ព័ត៌មានជូនសមត្ថកិច្ចឈានទៅឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង