ព័ត៌មានអន្ដរជាតិ អស់ពីច្រឡំដេញបាញ់ដ្រូនរបស់អាមេរិក ពេលនេះ យោធាកូរ៉េខាងត្បូង ដេញបាញ់ដ្រូនខ្លួនឯងម្ដង
កងពលធំទី១ នៃកងទ័ពជើងគោកកូរ៉េខាងត្បូង ដែលទទួលបន្ទុកឃ្លាំមើលតាមព្រំដែនជាមួយកូរ៉េខាងជើង បានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ រហូតដល់ទៅពីរលើកក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយប្រកាសអាសន្នការពារអាកាស និងត្រៀមលក្ខណៈបាញ់ទម្លាក់ដ្រូនរបស់ភាគីសម្ព័ន្ធមិត្តខ្លួនឯង។ នេះបើយោងតាមទីភ្នាក់ងារ Yonhap។

លោក Sung Il-jong សមាជិកសភាមកពីគណបក្សអំណាចប្រជាជន (PPP) របស់អតីតប្រធានាធិបតី យុន សុកយោល ដែលត្រូវបានផ្តន្ទាទោស បានទម្លាយព័ត៌មានកាលពីថ្ងៃទី៤ ខែសីហា ថា កងពលធំទី១ បានប្រកាសអាសន្នការពារអាកាស និងដាក់កម្លាំងឲ្យស្ថិតក្នុងស្ថានភាព«ត្រៀមបាញ់» បន្ទាប់ពីបានរកឃើញដ្រូនមិនស្គាល់អត្តសញ្ញាណមួយគ្រឿងហោះចូលតំបន់ព្រំដែនជាប់កូរ៉េខាងជើង។
ប៉ុន្តែជាលទ្ធផល ដ្រូននោះគឺជាយន្តហោះដ្រូនរបស់ «អង្គភាពសាកល្បងនិងវាយតម្លៃ» នៃកងទ័ពកូរ៉េខាងត្បូង ដែលកំពុងហោះហើរសាកល្បង ដែលតាមពិតទៅ អង្គភាពនេះបានជូនដំណឹងជាមុនដល់កងពលធំទី១ រួចរាល់ហើយ។ សមាជិកសភារូបនេះ បានរិះគន់ថា នេះជា «កំហុសដ៏ធ្ងន់ធ្ងរ» និងបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back លាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះភាពធូររលុងយ៉ាងខ្លាំងក្នុងវិន័យយោធា។
ជុំវិញករណីនេះ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានពន្យល់ថា ការភាន់ច្រឡំនេះកើតឡើងដោយសារតែដ្រូនសាកល្បងនោះ បានហោះហើរក្នុងកម្ពស់ខុសពីផែនការដែលបានកំណត់ ធ្វើឲ្យកងទ័ពជើងគោកនៅលើដីមានការយល់ច្រឡំ។
ក្រៅពីវិបត្តិភាន់ច្រឡំបាញ់ដ្រូនឯង កងពលធំទី១ ក៏រងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីត្រូវបានរកឃើញថា បានបញ្ជាឲ្យទាហាននៅតាមប៉ុស្តិ៍យាមមិនឲ្យដាក់គ្រាប់ក្នុងកាំភ្លើងយន្តធុនធ្ងន់ និងកាំភ្លើងបាញ់គ្រាប់បែកស្វ័យប្រវត្តឡើយ ដោយគ្រាន់តែទុកប្រអប់គ្រាប់នៅក្បែរអាវុធប៉ុណ្ណោះ ដែលចំណុចនេះបង្ហាញពីភាពធូររលុងផ្នែកសន្តិសុខ និងមិនធានាដល់ការត្រៀមខ្លួនប្រយុទ្ធ។
ជាវិធានការក្តៅ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា មេបញ្ជាការកងពលធំទី១ ឧត្តមសេនីយ៍ Han Ki-sung ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេត។ ទន្ទឹមនឹងនេះ បញ្ជាការដ្ឋានប្រតិបត្តិការកងទ័ពជើងគោក ក៏បានបើកយុទ្ធនាការចុះត្រួតពិនិត្យកងពលធំទាំង ៥ ឡើងវិញ ដើម្បីវាយតម្លៃលើប្រព័ន្ធគ្រប់គ្រង និងដំណើរការប្រើប្រាស់អាវុធយុទ្ធភណ្ឌឡើងវិញទាំងស្រុង។
គួររំលឹកថា ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ផងដែរ ដោយកងពលធំទី១ ដដែលនេះ បានប្រកាសអាសន្នត្រៀមបាញ់ទម្លាក់ដ្រូនមួយគ្រឿងទៀតនៅតំបន់ព្រំដែន។ ប៉ុន្តែក្រោយមក ពួកគេបានរកឃើញថា ដ្រូននោះគឺជាដ្រូនរបស់កងពលកាំភ្លើងធំសមុទ្រអាមេរិក ដែលកំពុងចូលរួមក្នុងសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរ។ មន្ត្រីយោធាបានពន្យល់ថា ករណីទីពីរនេះ បណ្តាលមកពីការខកខានប្រព័ន្ធទំនាក់ទំនង រវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង៕
