អភិបាលខេត្តកំពត ណែនាំអាជ្ញាធរត្រូវនៅកៀកជាមួយពលរដ្ឋ តាមរយៈការបញ្ចូលខ្លួនជាសមាជិកគ្រប់ក្រុមគ្រួសារក្នុងមូលដ្ឋាន

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបញ្ចូលខ្លួនជាសមាជិក នៅគ្រប់ក្រុមគ្រួសារក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបាននៅកៀកជាមួយប្រជាពលរដ្ឋ។ លោកអភិបាលខេត្តបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោកស្រី ង៉ែត សូរ្យសែង ជាអភិបាលស្រុកជុំគិរី នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកជុំគិរី។

អភិបាលខេត្តកំពត ក៏បានក្រើនរំលឹក និងជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងការចង់បានរបស់ពួកគាត់។ លោកអភិបាលខេត្តបានបន្ដថា ប្រសិនបើយើងចង់ដឹងអំពី សុខទុក្ខ តម្រូវការ និងសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវនៅឲ្យកៀកនឹងពលរដ្ឋគ្រប់ខ្នងផ្ទះ ហើយអ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវបញ្ចូលខ្លួននៅជាសមាជិកម្នាក់ ដែលក្នុងនាមជាកូន ជាបង ជាប្អូន នៅគ្រប់ក្រុមគ្រួសារទាំងអស់ក្នុងមូលដ្ឋាន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ពលរដ្ឋគ្រប់មូលដ្ឋាន នៅទូទាំងប្រទេស ដោយសម្តេចបានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការមកកាន់អាជ្ញាធររាជធានី-ខេត្ត ត្រូវគ្រប់គ្រង និងដោះស្រាយរាល់ទុក្ខលំបាក តម្រូវការ និងសំណូមពររបស់ពលរដ្ឋឲ្យបានល្អប្រសើរ។

ដូច្នេះដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមការចង្អុលការ​របស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែទទួលបាននូវព័ត៌មានពិត ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយត្រូវចុះទៅពិនិត្យ និងជួបផ្ទាល់ជាមួយពួកគាត់ ក្នុងនាមជាសមាជិកគ្រួសារ។ ការធ្វើដូចនេះគឺបានបង្ហាញពីការផ្តល់ភាពកក់ក្តៅជូនពលរដ្ឋក្នុងមូលដ្ឋានខ្លួន ពិសេសបង្កើនភាពសិទ្ធស្នាលរវាងពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ហើយពួកគាត់ក៏ហ៊ាននិយាយ និងផ្តល់ព័ត៌មានអំពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈម មកកាន់អាជ្ញាធរ ដោយមិនមានការលាក់លៀមនោះដែរ។

ទន្ទឹមនេះ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ស្មៀនឃុំ-សង្កាត់ទាំង៩៣ នៅទូទាំងខេត្ត ត្រូវយកបេះដូង មកបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសត្រូវចេះយកអាសារពលរដ្ឋ តាមរយៈការផ្តល់សេវាផ្សេងៗ ឲ្យបានឆាប់រហ័សបំផុត។ លោកជំរុញឲ្យស្មៀនឃុំ-សង្កាត់ទាំងអស់ ត្រូវពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ មុនពេលចេញឯកសារអត្រានុកូលដ្ឋានជូនពលរដ្ឋ ព្រោះកន្លងមកបញ្ហាខុសអក្ខរាវិរុទ្ធនេះ បានកើតឡើងជាញឹកញាប់ ហើយក៏បានបង្កការលំបាកដល់ពួកគាត់ដែលជាអ្នកប្រើប្រាស់ផងដែរ។ លោកអភិបាលខេត្តកំពត ក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូមួយគ្រឿង ដល់ស្មៀនឃុំ-សង្កាត់ទាំងអស់ ដែលបានបម្រើពលរដ្ឋក្នុងមូលដ្ឋានខ្លួនបានល្អប្រសើរ តាមរយៈការផ្តល់ព័ត៌មានពីពលរដ្ឋ។

យោងតាមអនុក្រឹតលេខ ៥៩០ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានតែងតាំង​លោកស្រី ង៉ែត សូរ្យសែង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកជុំគិរី ខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង