មន្ត្រីជំនាញបរិស្ថានបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់៤ទីតាំងស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃ «ព្រះរកា»
កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ និង គូលែន- ព្រហ្មទេព បានការអនុញ្ញាតពីព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ធ្វើការចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សចំនួន១៤នាក់ បានចុះបង្រ្កាបចំនួន៤ ទីតាំង (១ទីតាំងមានសកម្មភាព ៣ទីតាំងទៀត មិនមានសកម្មភាព) ៤ទីតាំង (ជាក់ស្តែងសកម្មភាពបទល្មើសមានតែ០១ទីតាំងទេ ចំណែក០៣ទីតាំងទៀតមិនមានសកម្មភាពបទល្មើសអ្វីទេ) បានដកហូតឈើអារចម្រុះជ្រៀករួច ចំនួន ១,៤៦៤ម៉ែត្រត្រីគុណ (មួយម៉ែត្រត្រីគុណ បួនរយហុកសិបបួន) និងប្រភេទឈើដើមច្រម៉ាស មូលប្រវែង ២ម៉ែត្រ មានមុខកាត់ពី ១០សម-១៥សម ចំនួន ២៤ដុំ គោយន្តកន្ត្រៃចំនួន ០២គ្រឿង ម៉ាស៊ីនជ្រៀកឈើ ចំនួន ០១គ្រឿង កង់យោងអូសផ្លែជ្រៀក ចំនួន ០១ ជើងម៉ែត្រតាប ចំនួន ០១។
ចំពោះវត្ថុតាង មន្ត្រីឧទ្យានុរក្សបានយកមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីមានចំណាត់ការបន្ត។


ក្នុងនោះដែរ មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងបន្តសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសធ្វើការជិតស្និទ្ធជាមួយព្រះរាជអជ្ញា ដើម្បីអនុវត្តនីតិវិធីច្បាប់ចំពោះបទល្មើសធនធានធម្មជាតិ។
ក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមថ្លែងអំណរគុណ លើកទឹកចិត្តចំពោះសាធារណជន ដែលបានសហការរាយការណ៍ ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ស្របតាមច្បាប់ជាធរមាន៕

