អ៊ីរ៉ង់ បញ្ចេញវីដេអូដ៏កម្រលើក​ដំបូង បង្ហាញ​វត្តមាន​​​របស់​​មេដឹកនាំកំពូលថ្មី Mojtaba Khamenei

ទីភ្នាក់ងារសារព័ត៌មាន​​រដ្ឋ​អ៊ីរ៉ង់ Mehr នៅ​ថ្ងៃទី៨ ខែសីហា បានបង្ហោះវីដេអូមួយ​ដែល​មាន​សកម្មភាព​​​របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺ លោក Mojtaba Khamenei នៅលើបណ្តាញសង្គម Telegram ​​ក្រោយ​ពី​មាន​ការ​សង្ស័យ​ជាច្រើន​​បាន​កើត​ឡើង​​អំពី​​អវត្តមាន​ជាសាធារណ​​ៈ​ជាច្រើន​ខែ​ ចាប់​តាំង​ពី​តែងតាំង​​កាល​ពី​​ដើម​ខែ​មិនា​។

 

 

នៅក្នុងវីដេអូនោះ លោក Mojtaba Khamenei ដែលស្ថិតនៅចោមរោមដោយ​​ប្រមុខ​ដឹកនាំ​សាសនា​មូស្លីម​​មួយចំនួន ហាក់បីដូចជាកំពុងនិយាយទៅកាន់អ្នកដែលនៅជុំវិញខ្លួនលោក។ ទោះជាយ៉ាងណា របាយការណ៍របស់ទីភ្នាក់ងារ Mehr មិនបានបញ្ជាក់ឲ្យដឹងថា វីដេអូនោះត្រូវបានថតទុកតាំងពីពេលណានៅទីកន្លែងណា ឬកំណត់អត្តសញ្ញាណក្រុមមនុស្សដែលកំពុងចោមរោមរូបលោកនោះឡើយ។

 

យ៉ាងណា ការបញ្ចេញវីដេអូដ៏កម្ររបស់មេដឹកនាំកំពូលថ្មី ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្ហាញពីភាពរឹងមាំនៃអំណាចដឹកនាំ និងដើម្បីបំបែកពាក្យចចាមអារ៉ាមជុំវិញបញ្ហាសុខភាពរបស់លោក បន្ទាប់ពីការវាយប្រហារដ៏ធ្ងន់ធ្ងរពីអាមេរិក និងអ៊ីស្រាអែលកាលពីដើមឆ្នាំ។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេហេរ៉ង់ និងបណ្តាទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់នាពេលនោះ គឺលោក Ali Khamenei ព្រមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងប្រជាជនស៊ីវិលជាច្រើនរូប។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងដ្រូនជាច្រើន វាយប្រហារទៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អាមេរិក រួមទាំងអ៊ីស្រាអែលនៅក្នុងតំបន់។

ក្រោយមក លោក Mojtaba Khamenei ដែលត្រូវជាកូនប្រុសរបស់លោក Ali Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់ ដោយក្រុមប្រឹក្សាអ្នកជំនាញ កាលពីដើមខែមីនា៕

អត្ថបទដែលជាប់ទាក់ទង