ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជិះយន្តហោះយោធាសម្ងាត់មួយចេញពីប្រទេសតួកគី
កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទ ទី១០ ខែសីហា ថា ដោយសារតែមានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជិះយន្តហោះយោធាសម្ងាត់មួយចេញពីប្រទេសតួកគី កាលពីខែមុន ខណៈគ្រានោះសេតវិមានបានប្រកាសថា លោកកំពុងធ្វើដំណើរនៅលើយន្តហោះប្រធានាធិបតី Air Force One។

លោក ត្រាំ បានប្រើប្រាស់យន្តហោះថ្មី ដែលជាអំណោយពីប្រទេសកាតា ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូ ប៉ុន្តែលោកបានប្តូរទៅប្រើប្រាស់យន្តហោះ Air Force One ស៊េរីចាស់វិញដោយមិននឹកស្មានដល់ នៅពេលចាកចេញពីប្រទេសនេះ ដែលធ្វើឱ្យមានចម្ងល់ជុំវិញប្រព័ន្ធសុវត្ថិភាពរបស់យន្តហោះថ្មីនោះ។ ការធ្វើដំណើរទៅកាន់កិច្ចប្រជុំណាតូនេះ គឺជាការធ្វើដំណើរអន្តរជាតិលើកដំបូងបំផុតសម្រាប់យន្តហោះថ្មីនេះ ហើយវាធ្វើឡើងស្របពេលដែលភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសជិតខាងរបស់តួកគី កំពុងតែមានការកើនឡើង។
កាសែតដដែលនេះ បានស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីប្រតិបត្តិការនេះថា បន្ទាប់ពីលោក ត្រាំ បានឡើងជិះយន្តហោះ Air Force One ស៊េរីចាស់នៅចំពោះមុខកាមេរ៉ារបស់អ្នកសារព័ត៌មាននៅទីក្រុងអង់ការ៉ារួចមក លោកត្រូវបានគេលួចបញ្ជូនជាសម្ងាត់តាមរយៈរថយន្តដឹកម្ហូបអាហារនៅព្រលានយន្តហោះ ទៅកាន់យន្តហោះខ្នាតតូចមួយទៀតប្រភេទ Air Force C-32A។ យន្តហោះ C-32A នេះបានហោះហើរទៅកាន់ចក្រភពអង់គ្លេស ហើយបានទៅដល់នៅវេលាម៉ោងប្រហែល ១០:២០នាទីយប់ ខណៈដែលយន្តហោះ Air Force One ស៊េរីចាស់ដែលដឹកអ្នកសារព័ត៌មាន បានទៅដល់ប៉ុន្មាននាទីក្រោយមក។
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានលើកឡើងថា លោកនឹងប្រើប្រាស់យន្តហោះ Air Force One ពណ៌ផ្ទៃមេឃស៊េរីចាស់នេះ «ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ» សម្រាប់ការហោះហើរពីទីក្រុងអង់ការ៉ា ទៅកាន់មូលដ្ឋានទ័ពអាកាស RAF Mildenhall ក្នុងចក្រភពអង់គ្លេស ខណៈដែលយន្តហោះថ្មីក៏បានឈប់នៅមូលដ្ឋានទ័ពនោះដែរ ដើម្បីអនុញ្ញាតឱ្យកងទ័ពអាមេរិកដែលឈរជើងនៅទីនោះ អាចទស្សនាយន្តហោះនេះបាន។
ឆ្លើយតបនឹងការទម្លាយពីការហោះហើរជាសម្ងាត់លើកនេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ តាមរយៈនាយកផ្នែកទំនាក់ទំនង លោក Steve Cheung ដោយបញ្ជាក់ថា យន្តហោះដែលជាអំណោយរបស់កាតា មិនមានបញ្ហាអ្វីទេ ហើយវាត្រូវបានបំពាក់ដោយពិធីការសន្តិសុខកម្រិតខ្ពស់ ដើម្បីធានាសុវត្ថិភាពរបស់ប្រធានាធិបតី និងបុគ្គលិករបស់លោក។ យ៉ាងណា លោក Cheung បានបន្ថែមថា ដូចដែលលោកប្រធានាធិបតីបានលើកឡើង អាមេរិកមានសត្រូវជាច្រើនដែលកំពុងសម្លឹងមើលលោក ហើយអាមេរិកត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីដោះស្រាយការគំរាមកំហែងទាំងនោះ។ ដោយឡែក មន្ទីរបញ្ចកោណ មិនទាន់បានធ្វើការអត្ថាធិប្បាយភ្លាមៗ ជុំវិញព័ត៌មាននេះនៅឡើយទេ៕