មន្ទីរបញ្ចកោណ៖ ការចំណាយរបស់អាមេរិក ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ កើនឡើងដល់ជាង ៤៧ប៊ីលានដុល្លារ
យោងតាមទិន្នន័យពីមន្ទីរបញ្ចកោណ ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា គិតមកទល់ពេលនេះ យោធាអាមេរិក បានចំណាយប្រាក់ជាង ៤៧ប៊ីលានដុល្លារលើសង្គ្រាមនៅអ៊ីរ៉ង់រួចហើយ ពោលគឺមានចំនួនខ្ពស់ជាងការប៉ាន់ប្រមាណរបស់ក្រសួងការពារជាតិអាមេរិក កាលពីខែកក្កដា ដល់ទៅជាង ២៥%។

ប៉ុន្តែ មន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើការប៉ាន់ប្រមាណនេះទេ។
ការលាតត្រដាងពីការកើនឡើងលើការចំណាយ សម្រាប់សង្គ្រាមនៅអ៊ីរ៉ង់ បានកើតឡើងក្នុងពេលគណបក្សសាធារណរដ្ឋ កំពុងប្រឈមនឹងផលវិបាកផ្នែកនយោបាយ ដោយសារជម្លោះដែលមិនទទួលការគាំទ្រ មុនពេលបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយនឹងកំណត់ថា គណបក្សណានឹងគ្រប់គ្រងសភា សម្រាប់រយៈពេល ២ឆ្នាំខាងមុខ។
ផលប៉ះពាល់នៃសង្គ្រាម លើតម្លៃថាមពលសកល បានធ្វើឱ្យការគាំទ្រចំពោះបេក្ខជនមកពីគណបក្សសាធារណរដ្ឋធ្លាក់ចុះ និងធ្វើឱ្យអត្រាគាំទ្រចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាក់ចុះផងដែរ។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋរបស់លោកត្រាំមានសំឡេងភាគច្រើនតិចតួចប៉ុណ្ណោះ នៅក្នុងសភាទាំងពីររបស់សហរដ្ឋអាមេរិក គឺសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។
ការប៉ាន់ប្រមាណចុងក្រោយរបស់មន្ទីរបញ្ចកោណទាក់ទងនឹងចំណាយប្រតិបត្តិការក្នុងសង្គ្រាម គឺជាង ២៩ប៊ីលានដុល្លារ ដើម្បីជំនួសគ្រាប់រំសេវ និងអាវុធដែលប្រើប្រាស់អស់ក្នុងសង្គ្រាម។
ទឹកប្រាក់ជាង ៦ប៊ីលានដុល្លារទៀត នឹងត្រូវចំណាយ ដើម្បីជំនួសសម្ភារយោធា និងការបាត់បង់ប្រព័ន្ធប្រយុទ្ធ រួមមានការបាត់បង់យន្តហោះជាច្រើន រួមទាំងដ្រូនជាច្រើនគ្រឿង អំឡុងពេលសង្គ្រាម។

លោក ត្រាំ បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយសហការជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយព្យាករណ៍ថា ជម្លោះនេះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ។
យុទ្ធសាស្ត្រដំបូងរបស់ លោក ត្រាំ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ គឺផ្តោតលើការប្រើប្រាស់មីស៊ីលដែលមានតម្លៃថ្លៃ និងភាពជាក់លាក់ខ្ពស់ ដើម្បីវាយប្រហារប្រព័ន្ធការពាររបស់អ៊ីរ៉ង់ជាមុន។ គោលបំណងគឺដើម្បី អាចប្រើប្រាស់គ្រាប់រំសេវមានតម្លៃថោកពេលក្រោយ រួមទាំងគ្រាប់បែកទម្លាក់ពីលើអាកាសដូចជាប្រភេទ JDAM ។
ប៉ុន្តែ ការឈប់បាញ់គ្នាក្នុងខែមេសា បានផ្តល់ពេលវេលាឱ្យអ៊ីរ៉ង់ជីកយកសម្ភារៈចេញពីកន្លែងស្តុកទុកក្រោមដី និងធ្វើឱ្យប្រព័ន្ធការពារមួយចំនួនរបស់ខ្លួន ដំណើរការឡើងវិញ រួមទាំងមីស៊ីល និងដ្រូន ដែលមិនធ្លាប់យកមកប្រើពីមុនមក ។
ចាប់តាំងពីពេលនោះមក លោក ត្រាំ បានដាក់វិធានការបិទផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីកាត់ផ្តាច់ប្រាក់ចំណូលពីការនាំចេញប្រេង ហើយលើកឡើងពីលទ្ធភាពប្រយុទ្ធឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ការប៉ាន់ប្រមាណចុងក្រោយរបស់ក្រសួងការពារជាតិអាមេរិក គឺស្រដៀងគ្នាទៅនឹងការប៉ាន់ប្រមាណរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth កាលពីខែកក្កដា ដោយប៉ាន់ប្រមាណថា សង្គ្រាមនេះនឹងត្រូវចំណាយអស់ទឹកប្រាក់ចំនួន ៣៧.៥ប៊ីលានដុល្លារ៕
