មន្ត្រីប៉ូលិសថៃម្នាក់ទៀត ជាមេក្រុមល្បាត ត្រូវបាញ់សម្លាប់ នៅខេត្តភាគខាងត្បូង

មន្ត្រីប៉ូលិសថៃម្នាក់ទៀតហើយ ត្រូវគេឆ្មក់សម្លាប់ នៅខេត្តភាគខាងត្បូង ស្របពេលស្ថានការណ៍ទីនោះ កំពុងតានតឹង និងពោរពេញដោយភាពចលាចល ខ្លាំងបំផុត។

តាមកាផ្សាយរបស់ទូរទស្សន៍ Amarin នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ មន្ត្រីរូបនេះ មានឈ្មោះ Hakim Kuchi ជាមេក្រុមល្បាត នៃអធិការដ្ឋាននគរបាលស្រុក Thung Yang Daeng ក្នុងខេត្ត Pattani។

រូបគេត្រូវបានជនមិនស្គាល់មុខ លបបាញ់ចំកណ្តាលក្បាល អំឡុងពេលល្បាត នៅឯព្រឹត្តិការប្រកួតបក្សីកីឡាមួយ ក្នុងឃុំ Nam Dam នៃស្រុកនេះផ្ទាល់តែម្តង។

មកទល់ពេលនេះ សមត្ថកិច្ចថៃ មិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ ប៉ុន្តែពួកគេបានដាក់ការសន្និដ្ឋានថា នេះជាទង្វើរបស់ក្រុមផ្តាច់ខ្លួន។

ហេតុការណ៍ចុងក្រោយនេះ គឺការវាយប្រហារថ្មីទៀត លើកងកម្លាំងថៃ នៅខេត្តភាគខាងត្បូង បន្ទាប់ពីពួកគេ បានក្លាយជាគោលដៅនៃការវាយឆ្មក់ និងសម្លាប់ជាបន្តបន្ទាប់។

ករណីផ្ទុះកក្រើកបំផុត គឺកាលពីថ្ងៃ ដែលក្រុមផ្តាច់ខ្លួន បើកការបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្ត Narathiwat បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ក្នុងនោះមានទាំងកុមារ អាយុចន្លោះ ១០-១៥ឆ្នាំ ទៀតផង។

ដោយសារសភាពការណ៍ ធ្ងន់ធ្ងរខ្លាំង ថៃ ក៏ប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅខេត្តនេះ ហើយតាមប្រមាញ់ មេក្រុមផ្តាច់ខ្លួន ថែមទាំងប្រកាស ផ្អាកកិច្ចចរចាសន្តិភាព ដោយមិនកំណត់ពេល។

ហេតុការណ៍នោះ ធ្វើឲ្យថៃក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ឈានដល់ការដាក់ពង្រាយកម្លាំង ទៅព័ទ្ធភ្នំមរណៈនៅខេត្ត Narathiwat ដើម្បីតាមចាប់មេក្រុមផ្តាច់ខ្លួន ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង