អភិបាលខេត្តកណ្ដាល បញ្ជាបិទកាស៊ីណូ៥ទីតាំង ដែលលួចបើកល្បែងភ្នាល់អនឡាញខុសច្បាប់ ត្រឹមដំណាច់ខែកញ្ញា
(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យក្រុមហ៊ុនកាស៊ីណូចំនួន ៥ទីតាំង ដែលស្ថិតនៅស្រុកលើកដែក និងក្រុងសំពៅពូន ដែលបានលួចលាក់បើក អាជីវកម្មល្បែង ភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting) ខុសច្បាប់ ត្រូវបិទបញ្ចប់សកម្មភាពទាំងស្រុងត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦។
បទបញ្ជានេះត្រូវបានដាក់ចេញកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំមួយនៅសាលាខេត្តកណ្ដាល រវាងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនកាស៊ីណូទាំងនោះ។
អភិបាលខេត្តបានសង្កត់ធ្ងន់ថា ការលុបបំបាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាព ជាពិសេសល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត គឺជាការចាំបាច់បំផុត ដើម្បីទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្ត លោក គួច ចំរើន បានកំណត់កាលបរិច្ឆេទឱសានវាទចុងក្រោយត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ដោយផ្ទាល់នៅតាមទីតាំងកាស៊ីណូទាំងនោះ ដោយគ្មានការលើកលែង ឬយោគយល់ឡើយ។ កាស៊ីណូទាំងអស់ក្នុងខេត្ត ត្រូវបានអនុញ្ញាតឲ្យមានតែអតិថិជនដែលមកលេងដោយផ្ទាល់ដល់ទីតាំងប៉ុណ្ណោះ។
លោកអភិបាលខេត្តក៏បានអំពាវនាវដល់អាជ្ញាធរស្រុកលើកដែក ក្រុងសំពៅពូន និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឲ្យបន្តតាមដាន ស្រាវជ្រាវ និងក្តាប់ព័ត៌មានឲ្យបានជាប់ជាប្រចាំ ដើម្បីធានាថា បន្ទាប់ពីដាច់ខែកញ្ញានេះ ខេត្តកណ្តាលនឹងក្លាយជាខេត្តគំរូមួយដែលគ្មានសកម្មភាពល្បែងស៊ីសងតាមអនឡាញ (Online Betting) ឡើយ។
ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនេះ គឺដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពសង្គមជូនប្រជាពលរដ្ឋក្នុងខេត្ត៕

