គ្មានការលើកលែង! លៀសខុសច្បាប់ជាង ៣តោន ត្រូវចាក់លែងចូលបឹងទន្លេសាប ខណៈកាណូត ៦គ្រឿង ត្រូវរក្សាទុកចាត់ការតាមច្បាប់

ខេត្តកំពង់ធំ ៖ លៀស​ខុស ច្បាប់​ជាង​៣​តោន ត្រូវ​បាន​ចាក់​លែង ចូល​ក្នុង​បឹង​ទន្លេសាប​វិញ នៅ​តំបន់​អភិរក្ស​បាឡត ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ នេះ​បើ​យោង​តាម​ផេ​ក​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ប្រកាស​នា​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ ។

នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី ទាប​ភ្លឺ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍​ទោស សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ខេត្តកំពង់ធំ និង​ជា​សមាជិក​គណៈ​បញ្ជាការ​ឯកភាព​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ក្នុងភូមិ​សាស្ត្រ​បឹង​ទន្លេសាប បាន​ដាក់​បទបញ្ជា​ដល់ទី​បញ្ជាការ​ស្រាល​ប្រចាំការ នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស ការ​នេសាទ​លៀស​ដោយ​កម្លាំង​ម៉ាស៊ីន នៅ​តំបន់​អ​ភ​រក្ស និង​ការ​ដឹក​ជញ្ជូន​លៀស​ខុសច្បាប់ ដោយ​រឹបអូស​បាន​កាណូត ចំនួន​៦​គ្រឿង បាន​ចាក់​លែង​លៀស ដែល​នេសាទ​ដោយ​ខុសច្បាប់ ប្រមាណ​ជាង​បី​តោន កញ្ច្រែង​ឧបករណ៍​នេសាទ​លៀស​ខុសច្បាប់​មួយ​ចំនួន នឹង​ធ្វើ​កិច្ចសន្យា​អប់រំ​ប្រជាពលរដ្ឋ​ចំនួន ២៧ នាក់ ឱ្យ​បញ្ឈប់​សកម្មភាព​នេសាទ​លៀស​ខុសច្បាប់ នៅ​តំបន់​អភិរក្ស​បាឡត ស្ថិត​នៅ​ក្នុងភូមិ​បាឡត ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​អនុសេនីយ៍ឯក លុយ សុភាព នាយទាហាន​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រធាន​ក្រុម​ពី​បញ្ជាការ​ស្រាល និង​លោក ហួ​ន ផល នាយ​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​ពាម​បាង ស្រុក​ស្ទោង ដែល​បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​បំពេញភារកិច្ច​ដោយ​ផ្ទាល់ បាន​បញ្ជាក់​ថា ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ខេត្តកំពង់ធំ ។

កងកម្លាំង​ចម្រុះ បាន​ឃាត់ និង​សាកសួរ​ប្រជាពលរដ្ឋ​ចំនួន​២៧ នាក់ មក​ពី​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង និង​មធ្យោបាយ​កាណូត ចំនួន​៦ គ្រឿង ដែល​បាន​មក​នេសាទ​លៀស​ខុសច្បាប់ នៅ​តំបន់​អភិរក្ស​បាឡត ។ ក្រោយ​ពី​ការ​សាកសួរ​ធ្វើ​កំណត់ហេតុ និង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ប្រជាពលរដ្ឋ ដែល​ធ្វើ​នេសាទ​ខុសច្បាប់​រួច​ហើយ កងកម្លាំង​ចម្រុះ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ចំនួន​២៧​នាក់ បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ ។

ដោយឡែក វត្ថុ​តាង​កាណូត​ទាំង ៦​គ្រឿង និង​ឧបករណ៍​ផ្សេង​ទៀត​ត្រូវ​បាន​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​ពាម​បាង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ជលផល ។ ចំពោះ​ប្រជា​នេសាទ​ទាំង​២៧​នាក់ ត្រូវ​បាន​អនុញ្ញាត និង​អញ្ជើញ​ក្រុម​គ្រួសារ​គាត់​ឲ្យ​មក​ទទួលយក​វិល​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​វិញ នៅ​ឯ​ខេត្តកំពង់ឆ្នាំង​រួច​ហើយ ។ រីឯ​លៀស ខុសច្បាប់​ប្រមាណ​ជាង​៣ តោន ត្រូវ​បាន​កងកម្លាំង​ចម្រុះ​ចាក់​ព្រ​លែង​ចូល​ក្នុង​បឹង​ទន្លេសាប​វិញ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ណែនាំ​ដល់​កងកម្លាំង​ចម្រុះ​ទាំងអស់ ត្រូវ​បន្ត​សហការ​គ្នា​ធ្វើ​សកម្មភាព បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ឲ្យ​ដូច​ភ្លៀងរលឹម​ដោយ​គ្មាន​ការ​ដកថយ​ឡើយ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​កង​យោធពលខេមរភូមិន្ទ និង​លិខិត​បទដ្ឋាន​នានា​ស្តី​ពី​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ របស់​រដ្ឋបាល​ខេត្តកំពង់ធំ និង​ច្បាប់​ស្ដី​ពី​ជលផល ឲ្យ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង