សមរាត្រី ក្នុងរដូវវស្សាឆ្នាំនេះទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ ទោះអាកាសធាតុមិនអំណោយផល និងថ្ងៃមិនរះក៏ដោយ

ព្រឹត្តិការណ៍ «សមរាត្រី» នៅរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនា និងផ្តិតយកទិដ្ឋភាពដ៏ពិសេសនៃបាតុភូតធម្មជាតិ និងស្ថាបត្យកម្មបុរាណដ៏ល្បីល្បាញរបស់កម្ពុជាបើទោះបីជាអាកាសធាតុមិនអំណោយ ផល និងមិនអាចមើលឃើញព្រះអាទិត្យរះដូចការរំពឹងទុកក៏ដោយ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍សមរាត្រីជាមួយភ្ញៀវទេសចរ និងមន្ត្រីពាក់ព័ន្ធ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់រាជ រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយសក្តានុពលបេតិកភណ្ឌវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក។

ទោះបីស្ថានភាពអាកាសធាតុមានពពកច្រើន និងមិនអាចមើលឃើញទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទបានច្បាស់លាស់ក៏ដោយ ក៏ភ្ញៀវទេសចរជាច្រើននៅតែបង្ហាញនូវភាពរីករាយ និងចាប់អារម្មណ៍ចំពោះបរិយាកាសពិសេសនៃព្រឹត្តិការណ៍នេះ ដែលកើតឡើងតែពីរដងប៉ុណ្ណោះក្នុង១ឆ្នាំ។

ព្រឹត្តិការណ៍សមរាត្រី ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពអស្ចារ្យ នៃចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរ ហើយបន្តទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរមកពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ អាជ្ញាធរពាក់ព័ន្ធរំពឹងថា ព្រឹត្តិការណ៍នេះនឹងបន្តរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងលើកកម្ពស់កិត្តិនាមរមណីយដ្ឋានអង្គរ ជាគោលដៅទេសចរណ៍វប្បធម៌ដ៏លេចធ្លោរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង