ស្រ្តីដែលតាំងខ្លួនជាព្រះម៉ែបារមី នៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានមន្រ្តីធម្មការ និងអាជ្ញាធរ ហៅមកកំណត់ហេតុ
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា ស្រ្តីម្នាក់ដែលតាំងខ្លួនជាព្រះម៉ែបារមី នៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានមន្ត្រីនៃមន្ទីរធម្មការ និងសាសនា និងអាជ្ញាធរ បានកោះហៅមកកំណត់ហេតុរួចហើយ ដោយលោកបញ្ជាក់ថា រាល់អបិយជំនឿតាមបែបដូនតា យើងមិនអាចប្រមាថនោះទេ ប៉ុន្តែរាល់ការបង្កើតអបិយជំនឿថ្មីៗ ផ្សេងៗត្រូវមានភាពសមហេតុ សមផល។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក នួន ផារ័ត្ន បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោកបានបញ្ជាឱ្យរដ្ឋបាលស្រុក និងមន្ទីរធម្មការ និងសាសនា ធ្វើការកោះហៅ លោកស្រីម្នាក់ ដែលល្បីថា បានតាំងខ្លួនជាព្រះម៉ែបារមី នៅក្នុងស្រុកសន្ទុក មកធ្វើកំណត់ហេតុ។
អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា ច្បាស់ណាស់ថា រាល់អបិយជំនឿតាមបែបដូនតា យើងមិនអាចប្រមាថនោះទេ ប៉ុន្តែរាល់ការបង្កើតអបិយជំនឿថ្មីៗ ផ្សេងៗត្រូវមានភាពសមហេតុ សមផល និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អនៅក្នុងសង្គម។
ឆ្លៀតក្នុងឱកាសនេះ លោក នួន ផារ័ត្ន ក៏សូមអំពាវនាវដល់ពុកម៉ែ មាមីង បងប្អូន ដែលមានជំងឺ សូមយល់ថា ការស្វែងរកនូវអ្វីដែលជាអបិយជំនឿនោះគ្រាន់តែជាការគួបផ្សំផ្នែកអារម្មណ៍តែប៉ុណ្ណោះ ប៉ុន្តែការព្យាបាលជំងឺជាក់ស្តែង សូមអញ្ជើញទៅមន្ទីរពេទ្យដែលមានជំនាញវីជ្ជាជីវៈ និងវិទ្យាសាស្រ្តពិតប្រាកដជាជំហរក្នុងការព្យាបាល៕






