មន្ត្រីជំនាញសហការជាមួយមន្ត្រីព្រំដែនចុះស្រាវជ្រាវសំណុំរឿងកញ្ឆាក្រៀម ៥០កញ្ចប់ ច្រកក្នុងការុង ដែលទាហានថៃប.ន្លំបញ្ជូនមកជាមួយអីវ៉ាន់ពលករខ្មែរ
ខេត្តបាត់ដំបង ៖ មន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្ត សហការជាមួយមន្ត្រីព្រំដែន នឹងចុះធ្វើការស្រាវជ្រាវលើសំណុំរឿង«កញ្ឆាក្រៀម»ចំនួន៥០កញ្ចប់ នៅថ្ងៃទី ២២ កញ្ញានេះ ខណៈដែលទាហានថៃ បន្លំបញ្ជូនតាមពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ តាមច្រករបៀងមួយកាលពី២ថ្ងៃមុន នៅក្នុងស្រុកកំរៀង។ នេះបើតាមការឱ្យដឹងពីលោក វេ គឹមចត់ អធិការស្រុកកំរៀង ។
លោក វេ គឹមចត់ អធិការស្រុកកំរៀង បានឱ្យដឹងថា មន្ត្រីជំនាញរបស់លោក បានទទូលចាត់ការលើករណីនេះ ពីមន្ត្រីនគរបាលព្រំដែន និងមន្ត្រីយោធា ដែលបង្ក្រាបបានជាមួយនឹងពលករខ្មែរប្រមាណជាង២០នាក់ ដែលក្រុមទាហានថៃ បញ្ជូនត្រឡប់មកវិញ តាមច្រករបៀងព្រំដែន។
លោកបានបញ្ជាក់ថា «កញ្ឆាក្រៀម» ចំនួន៥០កញ្ចប់ ច្រកក្នុងការុង ត្រូវបានទាហានថៃ បន្លំបញ្ជូនជាមួយអីវ៉ាន់របស់ពលករខ្មែរជាច្រើននាក់ ដែលពួកទាហានថៃ បញ្ជូនត្រឡប់មកស្រុកកំណើតវិញ។ ពេលបញ្ជូនចូលដល់ទឹកដីខ្មែរ ត្រូវកម្លាំងនគរបាលព្រំដែន និងកម្លាំងយោធាត្រូតពិនិត្យរកឃើញកញ្ឆាទាំងនោះ ច្រកក្នុងការុង តែរកមិនឃើញម្ចាស់កញ្ឆា ដែលរង់ចាំទទូលនៅស្រុកខ្មែរទេ ប៉ុន្តែពេលនេះលោកស្នងការបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញ សហការជាមួយកម្លាំងរបស់លោក និងកម្លាំងការពារព្រំដែន ចុះធ្វើការស្រាវជ្រាវលើករណីនេះហើយ។ លោក វេ គឹមចត់ បានបញ្ជាក់បន្ថែមថា «កញ្ឆាក្រៀម»ចំនួន៥០កញ្ចប់ និងពលករខ្មែរប្រមាណជាង២០នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន និងកម្លាំងយោធាប្រគល់មកឲ្យមន្ត្រីជំនាញរបស់លោក ជាអ្នកសួរនាំ និង ចាត់ការបន្ត។
យោងតាមរបាយការណ៏បានឱ្យដឹងថា «កញ្ឆាក្រៀម» ចំនួន០១ការ៉ុង មាន៥០កញ្ចប់នោះ ត្រូវក្រុមទាហានថៃ បន្លំបញ្ជូនតាមពលករខ្មែរមួយក្រុម ត្រឡប់មកស្រុកកំណើតវិញ កាលពីព្រឹកថ្ងៃទី ២០ កញ្ញា តាមច្រករបៀងមួយកន្លែង ស្ថិតក្នុងភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង។
បើតាមប្រភពព័ត៌មាន ក្រុមពលករខ្មែរត្រូវបានទាហានថៃ បញ្ជូនឆ្លងព្រំដែនមកមុនប្រគល់ឲ្យសមត្ថកិច្ចខ្មែរដែលកំពុងរង់ចាំ លុះក្រោយមកទើបភាគីថៃ បញ្ជូនអីវ៉ាន់ និងសម្ភារៈនានារបស់ពលករខ្មែរមកតាមក្រោយ។ នៅពេលទាហានថៃ បញ្ជូនអីវ៉ាន់មកដល់ដីខ្មែរ កម្លាំងនគរបាលព្រំដែននិងកម្លាំងយោធា ក៏បានត្រូតពិនិត្យ ស្រាប់តែរកឃើញការុងមួយគួរឲ្យសង្ស័យ។ លុះឆែកមើលក៏ប្រទះឃើញសុទ្ធតែ«កញ្ឆាក្រៀម» ដែលគេវេចខ្ចប់ជាកញ្ចប់ៗយ៉ាងល្អ ប៉ុន្តែគេរកមុខម្ចាស់កញ្ឆានោះមិនឃើញទេ បើទោះជាមន្ត្រីព្រំដែន បានជជីកសួរនាំក្រុមពលករខ្មែររាប់សិបនាក់ទាំងនោះក្ដី។
បន្ទាប់ពីសួរនាំ មិនធ្លាយចេញម្ចាស់កញ្ឆា៥០កញ្ចប់នោះ ទើបមន្ត្រីព្រំដែនសម្រេចប្រគល់កញ្ឆាទាំងនោះ ជាមួយនឹងពលករខ្មែរប្រុសស្រីប្រមាណជាង២០នាក់ ឲ្យទៅមន្ត្រីជំនាញ នៃអធិការស្រុកកំរៀង សួរនាំបន្តតាមនីតិវិធី។
លោក វេ គឹមចត់ អធិការស្រុកកំរៀង បានបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសួរនាំ ក្រុមពលករខ្មែរជាង២០នាក់ លោកបានសុំគោលការណ៍ថ្នាក់លើ និងបានឲ្យពួកគាត់ធ្វើដំណើរទៅស្រុកកំណើតអស់ហើយ នៅឡើយកញ្ឆា៥០កញ្ចប់ នឹងប្រគល់ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការស្រាវជ្រាវបន្ត។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ កញ្ញា ភាគីថៃក៏បានបញ្ជូនពលករខ្មែរចំនួន៦នាក់ ប្រគល់ឱ្យភាគីខ្មែរវិញ តាមច្រករបៀង នៅក្នុងភូមិសាស្ត្រឃុំត្រាង ស្រុកកំរៀង ខាងលើនេះដែរ។ ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចព្រំដែនខាងកម្ពុជា ចុះទៅទទូល ស្រាប់តែឃើញមានសាកសពស្ត្រីម្នាក់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងចំណោមពលករខ្មែប្រុសស្រី ក្មេងចាស់ទាំង៦នាក់នោះ។ លុះនៅថ្ងៃទី២០ កញ្ញា ភាគីថៃបញ្ជូនពលករខ្មែរមួយក្រុមត្រឡប់មកស្រុកកំណើតវិញដូចគ្នា បែរជាបន្លំបញ្ជូនទាំង«កញ្ឆាក្រៀម» មួយការុងមកជាមួយ។ នេះជាគំនិតទុច្ចរិតរបស់ភាគីថៃ ជាមួយជនទុច្ចរិតខាងភាគីខ្មែរ ដែលតែងឆក់ឱកាសលួចនាំចូល នាំចេញនូវទំនិញខុសច្បាប់៕


