កម្ពុជា ទទួលបានព័ត៌មានពីជម្រក Online Scam ៥០ទីតាំង ពី FBI និង​ចុះបង្ក្រាបដោយ​ជោគ​ជ័យ

ក្រោមកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាម៉េរិក អាជា្ញធរកម្ពុជា បានទទួលព័ត៌មានអំពីទីតាំង ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន៥០ទីតាំង។ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់បែបនេះ នៅក្នុងការសង្ខេបព័ត៌មាន​ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន ជា​ពិសេស ការឆបោកតាមបច្ចេកវិទ្យា រវាងកម្ពុជា-FBI ។

ក្នុងឃ្លីបវីដេអូដែលចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញានេះ លោក ទូច សុឃៈ បន្ថែមថា​ទីតាំង​បទល្មើសទាំង៥០​នោះ ស្ថិតនៅខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, កណ្តាល, ស្វាយរៀង, កំពត, ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។

ក្រោយ​ទទួលបានព័ត៌មាន ដ៏មានសារៈសំខាន់នេះ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ ឥត​បង្អង់ដៃ រហូតកំណត់បានមុខសញ្ញា និងចុះបោសសម្អាតបានជោគជ័យ។ នេះជាការ បញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារដូច្នេះថា៖ «សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានស្រាវជ្រាវ និងកំណត់មុខសញ្ញា និងឈានទៅបោសសម្អាតទាំង៥០ទីតាំង រួចរាល់ យ៉ាងជោគជ័យ។»។

បើតាមអ្នកនាំពាក្យដដែល កម្ពុជា មានកិច្ចសហប្រតិបត្តិការផ្ទាល់ជាមួយស្ថាប័ន FBI តាំងពីឆ្នាំ២០១៦មកម្ល៉េះដែលកាលណោះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងFBI  បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរព័ត៌មាន សម្គាល់សា្លកស្នាមក្រយ៉ៅដៃ-ល-។ រហូតដល់ឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ , អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង FBI បានចុះ MoUត្រីភាគី ក្រោមគោលបំណងធំៗ២ គឺទី១. ធ្វើកិច្ចសហប្រតិបត្តិការស៊ើបអង្កេត និងបង្ក្រាបជនល្មើសដែលបានប្រព្រឹត្តអំពើភេវកម្ម, អំពើជួញដូរមនុស្ស, រត់ពន្ធមនុស្ស,ទេសចរផ្លូវភេទ, ជួញដូរកុមារ, ជួញដូរគ្រឿងញៀន, អំពើរត់ពន្ធអាវុធ, ការសម្អាតប្រាក់, បទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការតាមចាប់ជនរត់គេចខ្លួនជាដើម។ ទី២. ការបង្កើតក្រុមការងារ (Task Force)។

ក្រៅពីការផ្តល់ព័ត៌មានអំពីទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយនោះ តាមរយៈ MoU រវាងអាជ្ញាធរកម្ពុជា និងស្ថាប័ន FBI គឺស្ថាប័នរបស់សហរដ្ឋអាម៉េរិកនេះ ​បាន ​ស្នើឱ្យកម្ពុជាស្រាវជ្រាវ និងស៊ើបសង្កេតលើសំណុំ​ រឿង១២ករណី ​​ក្នុងនោះ មុខសញ្ញាពាក់ព័ន្ធករណីរូបិយបណ្ណគ្រីបតូ ៦ករណី, ស្រាវជ្រាវអត្តសញ្ញាណអ្នកប្រើប្រាស់(IP Address) ចំនួន ៣ករណី, ករណីការឆបោកពាក់ព័ន្ធនឹងការវិនិយោគរូបិយបណ្ណគ្រីបតូ ចំនួន២ករណី និងស្រាវជ្រាវអត្តសញ្ញាណរថយន្ត ដែលសង្ស័យបម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណី។ ចំពោះករណីទាំង១២នេះ ភាគីកម្ពុជា បានស្រាវជ្រាវ និងផ្តល់លទ្ធផលស្រាវជ្រាវទៅកាន់ស្ថាប័ន FBI រួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

គួរកត់សម្គាល់ថា ការរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន FBI ពិសេសពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្របពេល​ដែលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី២៣-២៤ ខែកញ្ញា។

សន្និសីទអន្តរជាតិនេះ នឹងមានការចូលពីប្រទេស​សំខាន់ៗ និងស្ថាប័នជំនាញច្រើន   រួមមាន ​សហរដ្ឋអាម៉េរិក ចិន ជប៉ុន អូស្រា្តលី ជប៉ុន កូរ៉េខាងត្បូង ​ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) អង្គការប៉ូលិសអន្តរជាតិ (Interpol)  អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា (Cybersecurity)  រួមទាំងប្រទេសក្នុងនិងក្រៅតំបន់ជាដើម។

គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជា បានបើកប្រតិបត្តិការស៊ើប អង្កេតលើទីតាំងសង្ស័យបានចំនួន៨៣២កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង។ ក្នុងនោះ អាជ្ញាធរបានគ្រប់គ្រង និងកម្ទេចទីតាំង ឆបោកតាមអនឡាញ ទ្រង់ទ្រាយធំ ( Scam Compound ) ​បានរហូតដល់ ៨៦កន្លែង រួមទាំងបណ្តេញចេញមុខសញ្ញាជនសង្ស័យ ជាជនបរទេសបានជាង២ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង