ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង
(ពោធិ៍សាត់)៖ សមិទ្ធផលដ៏វិសេសវិសាលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយទៀត របស់កម្ពុជាតភ្ជាប់តំបន់ភ្នំភាគពាយ័ព្យប្រទេស ទៅកាន់តំបន់សមុទ្រភាគនិរតី ពោលគឺផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធដែលរៀបចំឡើងយ៉ាងមហោឡារិក និងប្រកបដោយក្តីរីករាយនាំព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅកម្ពុជា។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាត់ដំបង កោះកុង ប៉ៃលិន និងបណ្តាខេត្តមួយចំនួនទៀត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ និងប្រកបដោយក្តីត្រេកអររីករាយចំពោះសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជីវភាពប្រចាំថ្ងៃ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ប្រវែងជាង ៣២គីឡូម៉ែត្រ ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រវែងជិត ៩៩គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ៦៧គីឡូម៉ែត្រ។
គម្រោងនេះត្រូវបានសាងសង់ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត ១៩៤គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក និងផ្លូវចាក់បេតុងសរសៃដែក មានប្រវែង ៤ ៧០០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងនៅចំណុចផ្លូវបត់បែនខ្លាំង និងផ្លូវចំណោទឡើងចុះមួយចំនួនត្រូវពង្រីករហូតដល់ ១៨ម៉ែត្រ ដែលរថយន្តសណ្តោងរ៉ឺម៉កប្រវែង ២១ម៉ែត្រ អាចទៅមកក្នុងពេលតែមួយបាន។ ដោយសារគម្រោងនេះបានជួបផលប៉ះពាល់បរិស្ថានជាច្រើន ដូច្នេះតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពីខ្សែខាងកើត មកខ្សែខាងលិចវិញ ត្រង់គីឡូម៉ែត្រលេខ ១១១+៨៦០ ដល់គីឡូម៉ែត្រលេខ ១៧៧+៦០០ មានប្រវែងជិត ៦៦គីឡូម៉ែត្រ។
បន្ថែមពីនេះ គម្រោងនេះ ក៏មានការសាងសង់ស្ពានថ្មី និងពង្រីកស្ពានបេតុងចាស់ សរុបចំនួន ៣២កន្លែង ប្រវែងសរុប ២ ៣២៥ម៉ែត្រ រួមមាន ស្ពានសង់ថ្មីចំនួន ២០កន្លែង និងពង្រីកស្ពានចាស់ចំនួន ១២កន្លែង។ នៅក្នុងចំណោមស្ពានសរុបទាំង ៣២នេះ មានស្ពានមួយដែលត្រូវបានសាងសង់ឡើងជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ លក្ខណៈបច្ចេកទេសរបស់ស្ពាននេះ រួមមាន តួស្ពានទាំងមូលមានប្រវែង ៥៣៧ម៉ែត្រ និងទទឹង ១០ម៉ែត្រ និង១៥ម៉ែត្រនៅផ្នែកកណ្តាលស្ពាន ចែកចេញជា ១២ប្រឡោះ និងមានកម្ពស់ ៩០ម៉ែត្រ គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាននៅត្រង់ចំណុចកណ្តាល និងមានសាងសង់កន្លែងសំចតថតរូបអនុស្សាវរីយ៍នៅចំផ្នែកកណ្តាលស្ពាន។
ចំពោះការអនុវត្តគម្រោងទាំងមូលវិញ ក៏មានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទចំនួន ៦២៨កន្លែង និងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ របាសុវត្ថិភាព បង្គោលសុវត្ថិភាព ផ្លាកសញ្ញាកំណត់ព្រំប្រទល់ខេត្តនិងស្រុក រួមទាំងការសាងសង់ស្ថានីយថ្លឹងរថយន្តអចល័ត ចំនួន ២កន្លែង ដោយ ១កន្លែងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និង ១កន្លែងទៀតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៦៦ខែ ដោយបើកការដ្ឋានសាងសង់ដំណាលនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៥។ ផ្លូវនេះ ទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងមានក្រុមហ៊ុនក្វាងចូវវ៉ានអាន ទទួលបន្ទុកលើកិច្ចការបច្ចេកទេស។
ផ្លូវជាតិលេខ១០ បានចំណាយថវិកាសាងសង់សរុបប្រមាណ ២៥២លានដុល្លារអាម៉េរិក រួមមានថវិកាជាប្រភពឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ចំណាយលើការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ផ្លូវជាតិលេខ១០នេះ គឺជាខ្សែផ្លូវថ្មីមួយ បានលេចចេញជារូបរាងឡើងយ៉ាងស្រស់ត្រកាលក្នុងសម័យកាលតេជោធិបតី ជាខ្សែផ្លូវយុទ្ធសាស្រ្ត និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលត្រូវបានសាងសង់តភ្ជាប់ពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងភ្ជាប់ទៅក្រុងខេមរភូមិន្ទ នៃខេត្តកកោះកុង ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៥៧-៧ ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ៤៨ និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗនៅក្នុងភូមិសាស្រ្តនៃខេត្តទាំង៣នេះ។
ជាក់ស្តែងការតភ្ជាប់ប្រទាក់ក្រឡានៃខ្សែផ្លូវនេះ ពិតជាបានកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន ដូចជា ពីខេត្តបាត់ដំបងមកខេត្តកោះកុងចំណេញ ៣០៦គីឡូម៉ែត្រ ពីខេត្តពោធិ៍សាត់ចុះមកខេត្តកោះកុងតាមផ្លូវជាតិលេខ៥៥ (វាលវែង) ចំណេញ ២៣០គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនមកខេត្តកោះកុង (តាមសំឡូត) ចំណេញ ៣៧២គីឡូម៉ែត្រ ដែលពីមុនមកនៅពេលមិនទាន់មានខ្សែផ្លូវនេះ ប្រជាពលរដ្ឋត្រូវធ្វើដំណើរចូលរាជធានីភ្នំពេញសិនទើបបន្តទៅគោលដៅទាំងនេះបាន។
នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមវិញ ខ្សែផ្លូវនេះ បាននិងកំពុងបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសបម្រើដល់ការដឹកជញ្ជូនផ្សេងៗ ដូចជា ផលិតផលទំនិញ ផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនៃខេត្តទាំង៣នេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានកាន់តែល្អប្រសើរ។
ជាងនេះទៀត ខ្សែផ្លូវនេះ បាននិងកំពុងរួមចំណែកលើកកម្ពស់សក្ដានុពលទេសចរណ៍នៅតាមបណ្ដោយផ្លូវជាតិនេះ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញ តំបន់ជ្រោះភ្នំ ជ្រលង ដងអូរជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋភាគច្រើនមិនធ្លាប់បានមកដល់ទីនេះពីមុនមក៕

